នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលជាឥស្សរជនដ៏មានឥទ្ធិពលរបស់វៀតណាម នាពេលបច្ចុប្បន្ន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយថ្ងៃ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីអញ្ជើញមកដល់ប្រទេសកម្ពុជា ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងគណៈប្រតិភូ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ, ដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះបរមរូប សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបមិត្តភាពកម្ពុជា-វៀតណាម។













