អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានព្រមានពីការគំរាមកំហែងនៃការកើនឡើងខាងយោធានៅមជ្ឈិមបូព៌ា មុនពេលកិច្ចចរចារវាងអ៊ីរ៉ង់ និងអាមេរិកក្នុងប្រទេសអូម៉ង់ នៅថ្ងៃសុក្រនេះ។

ថ្លែងនៅទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃព្រហស្បតិ៍៥កុម្ភៈសប្ដាហ៍នេះ លោក Merz បាននិយាយថា ការភ័យខ្លាចនៃជម្លោះថ្មីមួយ បានកំណត់លក្ខណៈនៃកិច្ចពិភាក្សារបស់លោក ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់ឈូងសមុទ្រ។
លោកបានថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយថា នៅក្នុងការសន្ទនាទាំងអស់របស់លោកកាលពីម្សិលមិញ និងថ្ងៃនេះ ការព្រួយបារម្ភយ៉ាងខ្លាំងត្រូវបានបង្ហាញអំពីការកើនឡើងបន្ថែមទៀតនៃជម្លោះជាមួយអ៊ីរ៉ង់។
លោក Merz ក៏បានជំរុញឱ្យអ៊ីរ៉ង់បញ្ចប់អ្វីដែលលោកហៅថា ការឈ្លានពាន និងចូលរួមក្នុងកិច្ចចរចា ដោយនិយាយថា អាល្លឺម៉ង់នឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនអាចធ្វើបាន ដើម្បីបន្ថយស្ថានការណ៍តឹងតែង និងធ្វើការឆ្ពោះទៅរកស្ថិរភាពក្នុងតំបន់។
ការព្រមាននេះ បានកើតឡើងមុនពេលកិច្ចប្រជុំដ៏សំខាន់មួយ រវាងមន្ត្រីមកពីទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នៅទីក្រុងមូស្កាត (Muscat ) ប្រទេសអូម៉ង់។
ប្រភពពីរដែលដឹងការចរចានោះ បានប្រាប់សារព័ត៌មាន Al Jazeera ថា អ្នកសម្របសម្រួលមកពីប្រទេសកាតា ទួរគី និងអេហ្ស៊ីប បានបង្ហាញដល់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនូវក្របខ័ណ្ឌនៃគោលការណ៍សំខាន់ៗ ដែលត្រូវពិភាក្សានៅក្នុងកិច្ចចរចា រួមទាំងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ពីអ៊ីរ៉ង់ ក្នុងការកំណត់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន៕

