យោងតាមទីបញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក យោធាអាមេរិក បានបើកការវាយប្រហារតាមអាកាសមួយផ្សេងទៀតលើទូកមួយគ្រឿង ដែលចោទប្រកាន់ថាកំពុងដឹកគ្រឿងញៀន ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត កាលពីថ្ងៃព្រហស្បតិ៍ ៥កុម្ភៈសប្ដាហ៍នេះ សម្លាប់មនុស្ស២នាក់ ។

ទីបញ្ជាការនេះបានសរសេរលើបណ្ដាញសង្គម X ថា កាលពីថ្ងៃទី៥កុម្ភៈ លោកឧត្ដមសេនីយ៍ Francis L. Donovan មេបញ្ជាការភូមិភាគខាងត្បូងអាមេរិក បានបើកការវាយប្រហារលើទូកមួយ ធ្វើប្រតិបត្តិការដោយអង្គការដែលត្រូវបានកំណត់ថាជាអង្គការភេរវកម្ម ដោយបន្ថែមថា ពុំមានកងកម្លាំងយោធាអាមេរិកណាម្នាក់រងរបួសក្នុងការវាយប្រហារនោះទេ។

មនុស្សយ៉ាងហោចណាស់១១៩នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារនានាលើទូកដែលសង្ស័យថាដឹកជញ្ជូនគ្រឿងញៀន ជាផ្នែកមួយនៃយុទ្ធនាការ មានឈ្មោះថា Operation Southern Spear ដែលរដ្ឋបាលលោក Trump បាននិយាយថា ក្នុងគោលបំណង បញ្ឈប់សកម្មភាពជួញដូរគ្រឿងញៀន។
គួរឲ្យដឹងថា ការវាយប្រហារលើទូកនេះ គឺជាការវាយប្រហារដែលគេដឹងថាជាលើកទី២នៃឆ្នាំនេះ ។ ការវាយប្រហារមួយផ្សេងទៀត កាលពីខែមករា២០២៦ បានសម្លាប់មនុស្ស២នាក់ និងម្នាក់នៅមានជីវិត៕