វាយកូនឃ្លីលើតុ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាកាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំប្រចាំត្រីមាសដើម្បីពិភាក្សា និងដោះស្រាយបញ្ហានានា ហើយអង្គប្រជុំបានសម្រេចជាគោលការណ៍មួយចំនួន ពិសេសការបង្កើតឲ្យមានមូលនិធិមួយដើម្បីទ្រទ្រង់សកម្មភាពហ្វឹកហាត់ និងតម្រូវការចាំបាច់ផ្សេងៗ។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងមានការចូលរួមពីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោក ស៊ុន សុទ្ធារិទ្ធិ អគ្គលេខាធិការសហព័ន្ធបានធ្វើរបាយការណ៍ពាក់ព័ន្ធនឹងការងាររដ្ឋបាល និងការបណ្តុះបណ្តាលបច្ចេកទេស ក៏ដូចជាការរៀបចំការងារប្រកួត ព្រមទាំងចំណុចខ្លាំង និងខ្សោយដែលត្រូវបំពេញបន្ថែម ដើម្បីធ្វើឲ្យប្រភេទកីឡាអូឡាំពិកមួយនេះកាន់តែរីកចម្រើន និងទទួលបានជោគជ័យ ពិសេសក្នុងការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ។ អគ្គលេខាធិការដដែលបានបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំក្រៅពីបានពិភាក្សាអំពីបញ្ហា និងដំណោះស្រាយផ្សេងៗ អង្គប្រជុំបានឯកភាពគ្នាក្នុងការបង្កើតមូលនិធិពិសេសមួយ ដើម្បីទ្រទ្រង់ដល់សកម្មភាពហ្វឹកហាត់របស់កីឡាករ-កីឡាការិនី និងការចំណាយផ្សេងៗដែលចាំបាច់ ក៏ដូចជាតម្រូវការដែលមិនអាចខ្វះបាន។
លើសពីនេះ សហព័ន្ធក៍មានគោលការណ៍ក្នុងការជ្រើសរើសគ្រូបង្វឹក ដើម្បីពង្រឹងការហ្វឹកហាត់ដល់ក្រុមជម្រើសជាតិ សម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ដោយសហព័ន្ធគ្រោងនាំយកគ្រូបង្វឹកជនជាតិកូរ៉េដែលមានជំនាញ និងធ្លាប់ជាជើងឯកនៃប្រភេទកីឡាវាយកូនឃ្លីលើតុនេះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន សុទ្ធារិទ្ធ។ អ្វីដែលពិសេស សហព័ន្ធបានកំណត់ពីប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមនាខែឧសភា ឆ្នាំ២០២២ ខាងមុខ ដោយអ្នកដណ្ដើមបានមេដាយមាសនឹងទទួលបានថវិកាចំនួន ១ម៉ឺនដុល្លារ និងមេដាយប្រាក់ទទួលបានប្រាក់រង្វាន់ ៥ពាន់ដុល្លារទៀតផង។ សូមបញ្ជាក់ថា ក្រៅពីទទួលបានប្រាក់បៀវត្សរ៍តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម គៀត ច័ន្ទថារឹទ្ធ តែងគិតគូ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខកីឡាករ-កីឡាការិនីជម្រើសជាតិរបស់ខ្លួន ពិសេសក្នុងដំណាក់ការប្រមូលផ្ដុំហ្វឹកហាត់ ឯកឧត្តមបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនក្នុងម្នាក់ៗ ២០០ដុល្លារ ព្រមទាំងគ្រឿងឧបភោគបរិភោគជាប្រចាំផងដែរ៕
អត្ថបទ៖ លី ឈុនឡា