សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈថា ផ្នែកការទូតគឺជាជម្រើសដំបូងរបស់លោកប្រធានាធិបតី Donald Trump សម្រាប់ការដោះស្រាយជាមួយអ៊ីរ៉ង់ ហើយលោកនឹងរង់ចាំមើលថាតើកិច្ចព្រមព្រៀងមួយអាចត្រូវបានចុះហត្ថលេខាក្នុងកិច្ចចរចាដែលមានបញ្ហាប្រឈមខ្ពស់ឬយ៉ាងណា ប៉ុន្តែក៏បានព្រមានផងដែរថាលោកមានជម្រើសយោធានៅក្នុងការចាត់ចែងរបស់លោក។

ការរៀបចំចុងក្រោយកំពុងដំណើរការសម្រាប់កិច្ចប្រជុំនៅថ្ងៃសុក្រនេះនៅប្រទេសអូម៉ង់ ក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ខណៈសហរដ្ឋអាមេរិកកំពុងបង្កើនកងកម្លាំងនៅតំបន់មជ្ឈិមបូព៌ា ដែលលោក Trump បានហៅថាជាការបញ្ជូន «កងនាវាចម្បាំង» ដ៏ធំ ហើយអ្នកមានតួនាទីក្នុងតំបន់ព្យាយាមបញ្ចៀសអ្វីដែលមនុស្សជាច្រើនព្រួយបារម្ភថាអាចកើនឡើងចំពោះសង្គ្រាមកាន់តែរាលដាល។ កិច្ចចរចាត្រូវបានកំណត់ឱ្យបន្តទៅមុខ ទោះបីជាភាគីទាំងពីរមានភាពខ្វែងគំនិតគ្នាជុំវិញរបៀបវារៈក៏ដោយ ហើយនោះ បានបង្កើនមន្ទិលសង្ស័យអំពីការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀង។ លោក Trump បានគំរាមវាយប្រហារលើអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមិនអាចឈានដល់។

កាលពីពេលមុនសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនចង់ឱ្យការពិភាក្សារួមបញ្ចូលទាំងឃ្លាំងអាវុធមីស៊ីលរបស់អ៊ីរ៉ង់ និងបញ្ហាផ្សេងទៀត ខណៈទីក្រុងតេអេរ៉ង់បានទទូចឱ្យផ្តោតសំខាន់តែលើកម្មវិធីនុយក្លេអ៊ែរដែលមានភាពចម្រូងចម្រាស់របស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានចេញដំណើរទៅកាន់ប្រទេសអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍។ អ្នកនាំពាក្យរបស់លោក លោក Esmail Baghaei បាននិយាយថា ទីក្រុងតេអេរ៉ង់ចូលរួម និងមានគោលបំណងឈានដល់ការយោគយល់គ្នាដោយយុត្តិធម៌ អាចទទួលយកបានទៅវិញទៅមក លើបញ្ហានុយក្លេអ៊ែរ។