ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ បានអំពាវនាវឱ្យមានសន្ធិសញ្ញានុយក្លេអ៊ែរថ្មីទាំងស្រុង បន្ទាប់ពីកិច្ចព្រមព្រៀងចុងក្រោយជាមួយរុស្ស៊ីផុតកំណត់ ដែលបង្កឱ្យមានការព្រួយបារម្ភពីការប្រកួតប្រជែងសព្វាវុធសកលថ្មី។ រដ្ឋបាលលោក Trump បានជំរុញដដែលៗឱ្យមានសន្ធិសញ្ញាថ្មីដើម្បីរួមបញ្ចូលទាំងប្រទេសចិន ដែលឃ្លាំងអាវុធរបស់ប្រទេសនេះកំពុងកើនឡើង ប៉ុន្តែនៅតែតូចជាងរបស់រុស្ស៊ីនិងសហរដ្ឋអាមេរិក ខណៈទីក្រុងប៉េកាំងបានបដិសេធជាសាធារណៈចំពោះសម្ពាធនេះ។

លោក Trump មិនបាននិយាយអ្វីទាំងអស់អំពីការអំពាវនាវរបស់រុស្ស៊ីឱ្យពង្រីកសន្ធិសញ្ញា New START ជាសន្ធិសញ្ញាឆ្នាំ២០១០ ដែលបានដាក់ការរឹតត្បិតចុងក្រោយលើប្រទេសមហាអំណាចនុយក្លេអ៊ែរធំបំផុតទាំងពីរបន្ទាប់ពីកិច្ចព្រមព្រៀងរាប់ទសវត្សរ៍ដែលមានមកតាំងពីសង្គ្រាមត្រជាក់។

ប៉ុន្តែប៉ុន្មានម៉ោងបន្ទាប់ពីសន្ធិសញ្ញាផុតកំណត់ លោក Trump បាននិយាយថា សន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខាដោយអ្នកកាន់តំណែងមុន គឺលោក Barack Obama និងបន្តដោយលោក Joe Biden ត្រូវបាន «ចរចាមិនបានល្អឡើយ» និង «កំពុងត្រូវបានបំពានយ៉ាងធ្ងន់ធ្ងរ»។ លោកបានសរសេរនៅលើវេទិកា Truth Social របស់លោកថា «យើងគួរតែឱ្យអ្នកជំនាញនុយក្លេអ៊ែររបស់យើងធ្វើការលើសន្ធិសញ្ញាថ្មី ធ្វើឲ្យប្រសើរឡើង និងធ្វើទំនើបកម្ម ដែលអាចមានរយៈពេលយូរទៅពេលអនាគត»។
ទោះបីជាមានភាពជាប់គាំងលើសន្ធិសញ្ញា New START ក៏ដោយ លោក Trump បានចាប់ផ្តើមផ្នែកការទូតឡើងវិញយ៉ាងរីករាយជាមួយរុស្ស៊ី និងបានអញ្ជើញប្រធានាធិបតី លោក Vladimir Putin ទៅកាន់រដ្ឋអាឡាស្កា កាលពីខែសីហាឆ្នាំមុន។
សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងបន្តការសន្ទនាផ្នែកយោធាជាមួយរុស្ស៊ី បន្ទាប់ពីកិច្ចពិភាក្សាបីផ្លូវ នៅទីក្រុង Abu Dhabi ស្តីពីសង្គ្រាមនៅអ៊ុយក្រែន។