សហរដ្ឋអាមេរិក និងរុស្ស៊ី បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ដើម្បីបង្កើតឡើងវិញនូវកិច្ចសន្ទនាកម្រិតខ្ពស់រវាងយោធានិងយោធា ជាលើកដំបូងក្នុងរយៈពេលជាងបួនឆ្នាំមកនេះ ជាសញ្ញាមួយផ្សេងទៀតនៃទំនាក់ទំនងដ៏កក់ក្តៅរវាងប្រទេសទាំងពីរ ចាប់តាំងពីប្រធានាធិបតី លោក Donald Trump ឡើងកាន់តំណែង និងស្វែងរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

កិច្ចព្រមព្រៀងនេះ បានកើតចេញពីកិច្ចប្រជុំរវាងមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ី និងអាមេរិក នៅក្នុងរដ្ឋធានីប្រទេសអារ៉ាប់រួម នេះបើយោងតាមយោធាអាមេរិកនៅអឺរ៉ុប។
ទីបញ្ជាការនៅអឺរ៉ុបរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បណ្តាញទំនាក់ទំនងដែលបានស្តារឡើងវិញ «នឹងផ្តល់នូវទំនាក់ទំនងយោធានិងយោធាដែលស៊ីសង្វាក់គ្នា ខណៈភាគីនានាបន្តធ្វើការឆ្ពោះទៅរកសន្តិភាពយូរអង្វែង»។ ទំនាក់ទំនងយោធាកម្រិតខ្ពស់ ត្រូវបានផ្អាកនៅក្នុងឆ្នាំ ២០២១ ខណៈទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនកាន់តែតានតឹងឡើង មុនពេលការឈ្លានពានរបស់រុស្ស៊ីទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ឧត្តមសេនីយ៍អាមេរិក លោក Alexus Grynkewich ជាមេបញ្ជាការនៅអឺរ៉ុបនៃកងកម្លាំងអាមេរិក និងណាតូ បានស្ថិតនៅទីក្រុង Abu Dhabi ជាកន្លែងដែលកិច្ចចរចារវាងមន្ត្រីអាមេរិក រុស្ស៊ី និងអ៊ុយក្រែន ស្តីពីការបញ្ចប់សង្គ្រាមនៅថ្ងៃទីពីរ។
ការបន្តឡើងវិញនៃបណ្តាញទាន់ហេតុការណ៍យោធានិងយោធា គឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបន្ធូរបន្ថយភាពតានតឹងដែលបានកើនឡើងបន្ទាប់ពីការចាប់ផ្តើមសង្គ្រាម និងដើម្បីបញ្ចៀសការប៉ះទង្គិចគ្នារវាងកងកម្លាំងរុស្ស៊ី និងសហរដ្ឋអាមេរិក។