ប្រទេសគុយបា នឹងដាក់ចេញផែនការមួយដើម្បីដោះស្រាយបញ្ហាកង្វះប្រេងឥន្ធនៈ ខណៈសហរដ្ឋអាមេរិក បិទការផ្លូវផ្គត់ផ្គង់ដល់ប្រទេសនេះ។ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានប្រកាសពីបំណងរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដាក់ចេញផែនការមួយនៅដើមសប្តាហ៍ក្រោយ។

លោកបាននិយាយថា ប្រទេសកោះមួយនេះ នឹងបង្កើនការផលិតថាមពលព្រះអាទិត្យ និងប្រើប្រាស់ធនធានកកើតឡើងវិញ ដើម្បីធានាបាននូវអគ្គិសនីសម្រាប់សេវាសំខាន់ៗ រួមមាននៅតាមមន្ទីរពេទ្យ មជ្ឈមណ្ឌលថែទាំមនុស្សចាស់ និងតំបន់ដាច់ស្រយាល។

លោក Diaz-Canel បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសសគុយបាផលិតថាមពលប្រហែល១.០០០មេហ្គាវ៉ាត់ ឬ៣៨ភាគរយនៃថាមពលផលិតនៅពេលថ្ងៃរបស់ខ្លួនពីបន្ទះសូឡា។ បន្ទះសូឡាទាំងនោះ ត្រូវបានដំឡើងដោយមានការគាំទ្រពីប្រទេសចិនក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ។ លោក Diaz-Canel បាននិយាយថា គុយបាកំពុងខិតខំបង្កើនសមត្ថភាពទាញយក និងស្តុកទុកប្រេងឆៅរបស់ខ្លួន ដើម្បីជំរុញឲ្យបានគ្រប់គ្រាន់ដោយខ្លួនឯង។ ប៉ុន្តែលោកបាននិយាយថា គុយបាក៏មាន «សិទ្ធិ» ក្នុងការទទួលបានការដឹកជញ្ជូនប្រេងឥន្ធនៈតាមសមុទ្រផងដែរ។ លោកនិយាយថា «យើងនឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាបានថា ប្រទេសនេះអាចទទួលបានការនាំចូលប្រេងឥន្ធនៈម្តងទៀត»។ ភាពតានតឹង បានកើនឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីសហរដ្ឋអាមេរិកបានគំរាមដាក់ការដំឡើងពន្ធលើប្រទេសនានាដែលបញ្ចូនប្រេងទៅកាន់ប្រទេសតំបន់សមុទ្រការរ៉ាអ៊ីបមួយនេះ។ ជាលទ្ធផល ប្រជាជនគុយបា បានប្រឈមនឹងការកើនឡើងថ្លៃចំណាយលើម្ហូបអាហារ និងការដឹកជញ្ជូន និងការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស។