សារព័ត៌មាន Azernews របស់ប្រទេសអាស៊ែបៃហ្សង់ បានចុះផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា មេដឹកនាំរុស្ស៊ី លោក Vladimir Putin ខ្លាចញញើតតែមនុស្សម្នាក់ប៉ុណ្ណោះនៅលើឆាកពិភពលោក គឺប្រធានាធិបតីអាមេរិក លោក Donald Trump ដោយសង្កត់ធ្ងន់ថា អឺរ៉ុបតែម្នាក់ឯងមិនអាចរារាំងទីក្រុងមូស្គូបានទេ ។

លោក Zelenskyy បាននិយាយថា លោក Putin មិនខ្លាចអឺរ៉ុបឡើយ គឺលោកខ្លាចតែលោក Trump ម្នាក់ប៉ុណ្ណោះ នោះជាការពិត អ្វីដែលលោក Trump អាចនិយាយទៅកាន់លោក Putin បាន គឺពាក្យថា "នេះមិនមែនជារឿងរបស់ខ្ញុំទេ"។
លោក Zelenskyy បានរំលឹកថា ប្រធានាធិបតីអាមេរិកបានបង្ហាញពីបំណងប្រាថ្នាចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែនតាមរយៈការសម្របសម្រួល ដោយកត់សម្គាល់ថា ទីក្រុងគីវគាំទ្រគំនិតផ្តួចផ្តើមសន្តិភាពរបស់ទីក្រុងវ៉ាស៊ីនតោន។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនធ្វើសម្បទានណាមួយដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ខ្លួនឡើយ។
លោក Zelenskyy បានព្រមានថា "ប្រសិនបើអ៊ុយក្រែនមិនបញ្ឈប់លោក Putin ទេ លោក Putin នឹងវាយប្រហារអឺរ៉ុប" ដោយបន្ថែមថា ប្រទេសដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែនយល់ថា ពួកគេនឹងក្លាយជាគោលដៅដំបូង ប្រសិនបើរុស្ស៊ីឈានទៅមុខបន្ថែមទៀត។ លោកបានចង្អុលបង្ហាញពីសមត្ថភាពយោធារបស់រុស្ស៊ី ដោយនិយាយថា យានដ្រូនរបស់រុស្ស៊ីអាចចូលជ្រៅក្នុងទឹកដីអ៊ុយក្រែន ហើយមីស៊ីលរុស្ស៊ី ក៏អាចវាយប្រហារស្ទើរតែគ្រប់ទីកន្លែងផងដែរ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានបញ្ជាក់ថា លោកមិនចង់បំភ័យនរណាម្នាក់ទេ ដោយបន្ថែមថា បណ្ដារដ្ឋអឺរ៉ុបដែលយល់ច្បាស់ពីការគំរាមកំហែងនេះ កំពុងផ្តល់ជំនួយប្រកបដោយប្រសិទ្ធភាពដល់អ៊ុយក្រែនរួចហើយ៕


