ស៊ីហ្គេម៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជានាយបេកកម្មស៊ីហ្គេមរបស់កម្ពុជានឹងដឹកនាំប្រតិភូ មន្ដ្រី និងក្រុមការងារជួរមុខចូលរួមប្រជុំនាយបេសកកម្ម និងរៀបចំជាមុនដំណើរចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយនាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ។
សម្រាប់ប្រតិភូកម្ពុជាដែលនឹងចេញទៅប្រជុំនាយបេសកកម្មនៅវៀតណាមល្ងាចនេះ គឺមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ជាប្រធាន, ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គលេខាធិការរង CAMSOC ជាអនុប្រធាន ព្រមទាំងសមាជិក ៨រូបផ្សេងទៀតក្នុងនោះក៏មានមន្ដ្រីគណៈកម្មការជំនាញមួយចំនួនផងដែរ ដូចជាប្រធានគណៈកម្មការស្នាក់នៅ-ហូបចុក និងដឹកជញ្ជូន, គណៈកម្មការទីលានប្រកួត, គណៈកម្មការ Games IT រួមទាំងលេខាធិការដ្ឋាន និងមន្ដ្រីហិរញ្ញវត្ថុ CAMSOC ជាដើម។ ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា បេសកកម្មនេះគឺតបតាមការអញ្ជើញរបស់ម្ចាស់ផ្ទះវៀតណាម ដើម្បីចូលរួមប្រជុំដោយផ្ទាល់ស្ដីពីការរៀបចំគ្រប់គ្រងដឹកនាំ ព្រឹត្តិការណ៍ប្រកួតថ្នាក់នាយបេសកកម្មដែលត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ មុនការប្រកួតផ្លូវការដែលនឹងធ្វើឡើងពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ។
អគ្គលេខាធិការ CAMSOC រូបនេះបានបញ្ជាក់ថា ការចូលរួមប្រជុំលើកនេះក្រៅពីទទួលបាននូវព័ត៌មាន និងវឌ្ឍនភាពចុងក្រោយនៃដំណើរការប្រកួតស៊ីហ្គេមនៅវៀតណាម សម្រាប់សម្រួលដល់ការធ្វើដំណើរ និងការចូលរួមរបស់ប្រតិភូ និងអត្តពលិកកម្ពុជា ក៏ជាឱកាសល្អសម្រាប់បំពេញបន្ថែមបទពិសោធន៍ ក្នុងការដឹកនាំគ្រប់គ្រងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះបន្ដវេននាឆ្នាំ២០២៣ ផងដែរ៕
អត្ថបទ៖ លី ឈុនឡា