ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅឆ្នាំ២០២៦នេះ កំពុងសម្រុកធ្វើការផ្សព្វផ្សាយនូវឱ កាសការងារ ទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ ខណៈបច្ចុប្បន្ននេះ កំពុងនៅសល់ការងារជិត ៩ម៉ឺនកន្លែងទៀត កំពុងរងចាំអតីតពលករមកពីប្រទេសថៃ បងប្អូនកំពុងភៀសសឹក និងប្រជាពលរដ្ឋផ្សេងៗទៀត ។

ក្នុងពេលចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិក ដែលជាអតីតពលករខ្មែរមកពីប្រទេសថៃ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ H&W ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ សហគ្រាសប្រមាណជាង ៤ម៉ឺន ៦ពាន់កន្លែង ខណៈរោងចក្ររាប់រយកន្លែងទៀត កំពុងសាងសង់បន្ថែមនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមានសក្ដានុលពលរដ្ឋចំនួនទៀត។

លោកបានបន្តថា ស្របនឹងកំណើនរោងចក្រសហគ្រាស កើតឡើងឥតឈប់ឈរនេះ គឺនៅសល់ការងារច្រើនរហូតដល់ជិត៩ម៉ឺនកន្លែង ដូច្នេះហើយ នៅឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រុកធ្វើវេទិកាការងារឲ្យបានប្រមាណជាង ៦០ដងថែមទៀត នៅក្នុងខេត្តគោលដៅចំនួន១៤ ដើម្បីផ្សព្វផ្សាយឱកាសការងារដល់អតីតពលករមកពីប្រទេសថៃ បងប្អូនភៀសសឹក សិស្សនិស្សិត និងប្រជាពលរដ្ឋ ដែលចង់ធ្វើការ។

លោក ស៊ុន មេសា បានបន្ថែមថា ចាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ គឺមានពលករខ្មែរប្រមាណជិត ៩៦ម៉ឺននាក់ បានត្រឡប់មកពីប្រទេសថៃវិញ ហើយបច្ចុប្បន្ន ក្រសួងបានរកការងារឲ្យពួកគាត់បានធ្វើ ប្រមាណជាង ៦២ម៉ឺននាក់ និងមានជាង ៣ម៉ឺននាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។
ជាមួយនេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវយ៉ាងទទួច ដល់ពលរដ្ឋខ្មែរ ដែលមានបំណងចង់ធ្វើការ និងរកការងារ អាចទាក់ទងមជ្ឈមណ្ឌលការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមរាជធានីខេត្ត ឬទាក់ទងតាមលេខទូរស័ព្ទ ១២៩៧ ហើយការផ្ដល់ជូនការងារនេះ ផ្ដល់អទិភាពដល់អតីតពលករទើបត្រឡប់មកពីប្រទេសថៃ និងបងប្អូនបន្តភៀសសឹក៕ អត្ថបទ បាន សុខរិទ្ធិ






