តម្លៃប្រេងបានបន្តមើលឃើញការធ្លាក់ចុះនៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ នេះ និងកំពុងស្ថិតនៅលើផ្លូវត្រូវសម្រាប់ការធ្លាក់ចុះប្រចាំសប្តាហ៍លើកដំបូងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ដោយសារក្តីបារម្ភអំពីការរំខានផ្នែកផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា បានធូរស្រាលខ្លះ ហើយវិនិយោគិនកំពុងផ្តោតលើលទ្ធផលនៃកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅប្រទេសអូម៉ង់ ក្នុងថ្ងៃដដែលនេះ។

ប្រេងឆៅ Brent បានធ្លាក់ចុះ ៥០សេន ឬ ០,៧៤% មកត្រឹម ៦៧,០៥ដុល្លារក្នុងមួយបារ៉ែល នៅម៉ោងសកល ០១:០២នាទីយប់ ឈានចូលថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ចុះ ២,៧៥% ក្នុងវគ្គជួញដូរមុន។ ប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក ស្ថិតក្នុងតម្លៃ ៦២,៧៧ ដុល្លារក្នុងមួយបារ៉ែល ពោលគឺធ្លាក់ចុះ ៥២ សេន ឬ ០,៨២% បន្ទាប់ពីបិទការជួញដូរក្រោមតម្លៃធ្លាក់ចុះ ២,៨៤% កាលពីថ្ងៃព្រហស្បតិ៍។
សន្ទស្សន៍គោលទាំងនេះកំពុងឈានទៅរកការធ្លាក់ចុះប្រចាំសប្តាហ៍លើកដំបូងរបស់ខ្លួនក្នុងពេលជាងមួយខែ ហើយបានធ្លាក់ចុះជាង ៣% រួចទៅហើយពីកម្រិតខ្ពស់បំផុតជិត ៦ខែនៅចុងខែមករា ជាពេលដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានគំរាមវាយប្រហារអ៊ីរ៉ង់។

អាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងធ្វើកិច្ចចរចានៅអូម៉ង់ នាថ្ងៃសុក្រនេះ ស្របពេលភាពតានតឹងកាន់តែខ្លាំងឡើង និងខណៈដែលទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនវត្តមានកងកម្លាំងនៅមជ្ឈិមបូព៌ា ហើយប្រទេសក្នុងតំបន់ ព្យាយាមបញ្ចៀសការប្រឈមមុខដាក់គ្នាខាងយោធា ដែលមនុស្សជាច្រើនខ្លាចថា អាចរាលដាលជាសង្គ្រាមកាន់តែទូលំទូលាយ។ ចំនួនប្រហែល ១ភាគ៥ នៃការប្រើប្រាស់ប្រេងសរុបរបស់ពិភពលោក ត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz រវាងអូម៉ង់ និងអ៊ីរ៉ង់។ សមាជិកនៃអង្គការប្រទេសនាំចេញប្រេង OPEC ផ្សេងទៀត ដូចជា អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត និងអ៊ីរ៉ាក់ នាំចេញប្រេងឆៅភាគច្រើនរបស់ពួកគេតាមរយៈច្រកសមុទ្រនេះ ក៏ដូចជាអ៊ីរ៉ង់ផងដែរ៕