ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្តល់ «ការគាំទ្រទាំងស្រុង» របស់លោក ដល់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi មុនពេលការបោះឆ្នោតជាតិនៅទីនោះ នៅថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ចុងសប្ដាហ៍នេះ ដោយបន្ថែមថា លោកនឹងបើកជំនួបកំពូលជាមួយលោកស្រីនៅឯសេតវិមាន នៅថ្ងៃទី១៩ ខែមីនា។

លោកស្រី Takaichi ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតរបស់ជប៉ុន ហើយការស្ទង់មតិបង្ហាញថា រដ្ឋាភិបាលចម្រុះរបស់លោកស្រីត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយថា នឹងឈ្នះក្នុងការបោះឆ្នោតខាងមុខនេះ។ លោកស្រីកំពុងស្វែងរកអាណត្តិពីសាធារណជនសម្រាប់ផែនការចំណាយដែលធ្វើឱ្យវិនិយោគិនភ្ញាក់ផ្អើល និងការកសាងវិស័យការពារជាតិ ដែលអាចនឹងធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងជាមួយចិន។
ការស្ទង់មតិបង្ហាញថា គណបក្សប្រជាធិបតេយ្យសេរីនិយម របស់លោកស្រី Takaichi និងដៃគូរបស់ខ្លួន គឺគណបក្សនវានុវត្តន៍ជប៉ុន ឬគេស្គាល់ថាក្រុម Ishin អាចទទួលបានប្រហែល ៣០០ អាសនៈក្នុងសភាជាន់ទាបដែលមាន ៤៦៥ អាសនៈ ពោលគឺកើនឡើងពីសំឡេងភាគច្រើនដ៏ស្តួចស្តើងនាពេលបច្ចុប្បន្ន។
លោក Trump បានបង្ហោះលើបណ្ដាញសង្គមរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា «លោកស្រីនាយករដ្ឋមន្ត្រី Takaichi គឺជាបុគ្គលដែលសមនឹងទទួលបានការទទួលស្គាល់ដ៏មានឥទ្ធិពល ចំពោះកិច្ចការដែលលោកស្រី និងក្រុមចម្រុះរបស់លោកស្រីកំពុងតែធ្វើ។ ដូច្នេះ ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ខ្ញុំសូមផ្តល់ការគាំទ្រយ៉ាងពេញលេញ និងទាំងស្រុងដល់លោកស្រី និងអ្វីដែលក្រុមចម្រុះដ៏គួរឱ្យគោរពរបស់លោកស្រីកំពុងតំណាងឱ្យ»៕

