វីដេអូដែលចេញផ្សាយដោយកងកម្លាំងល្បាតរបស់ប្រទេសម៉ារ៉ុក បានបង្ហាញពីទឹកជំនន់និងប្រតិបត្តិការជួយសង្គ្រោះដែលកំពុងបន្តនៅក្នុងភូមិ នៅក្នុងខេត្ត Larache បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេលជាច្រើនសប្តាហ៍ដែលបានជន់លិចក្រុងជាច្រើន។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានបញ្ជាក់ពីទីតាំង ដោយបណ្តាញខ្សែអគ្គិសនី ផ្លូវថ្នល់ អគារ និងដើមឈើដែលត្រូវគ្នានឹងរូបភាពផ្កាយរណប។ ទោះជាយ៉ាងណា របាយការណ៍ផ្លូវការបាននិយាយថា ការជម្លៀសប្រជាជនត្រូវបានអនុវត្តនៅក្នុងតំបន់នោះ។
ក្រសួងមហាផ្ទៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ថា អាជ្ញាធរប្រទេសម៉ារ៉ុក បានជម្លៀសមនុស្សជាង១៤៣.០០០នាក់នៅក្នុងតំបន់ទំនាបភាគពាយ័ព្យដែលងាយរងគ្រោះដោយទឹកជំនន់ ក្នុងពេលមានការគំរាមកំហែងកើនឡើងពីទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ខណៈទឹកទន្លេហក់ឡើង និងការបញ្ចេញទឹកបន្ថែមទៀតពីទំនប់ទឹកដែលពេញ។

ក្រសួងមហាផ្ទៃ និយាយថា បទបញ្ជាជម្លៀសត្រូវបានធ្វើឡើងនៅក្នុងតំបន់មួយចំនួននៃខេត្ត Larache រួមទាំងតំបន់ឧស្សាហកម្ម Larache និងតំបន់ក្បែរទន្លេ Loukous ដើម្បីជាការប្រុងប្រយ័ត្នជាមុនចំពោះទឹកជំនន់បន្ថែមទៀត។