ក្រសួងសន្តិសុខមាតុភូមិ (DHS) កំពុងប្រឈមនឹងលទ្ធភាពដែលខ្លួនអាចនឹងអស់មូលនិធិនៅសប្តាហ៍ក្រោយ ខណៈក្រុមប្រជាធិបតេយ្យជំរុញឲ្យមានកំណែទម្រង់យុទ្ធសាស្ត្រអនុវត្តច្បាប់អន្តោប្រវេសន៍របស់ខ្លួន។ ប៉ុន្តែមេដឹកនាំក្រុមសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ បានប្រឆាំងសំណើរបស់ក្រុមប្រជាធិបតេយ្យ ដោយបានច្រានចោលថាមិនអាចយកមកជជែកបាន។

ជាឧទាហរណ៍ មេដឹកនាំមានសំឡេងភាគច្រើននៅព្រឹទ្ធសភា លោក John Thune បានចាត់ទុកការទាមទារទាំងនេះថា «មិនប្រាកដប្រជា និងមិនច្បាស់លាស់»។ លោក Thune និយាយថា «នេះមិនមែនជាស្ថានភាពមូលប្បទានប័ត្រអត់សាច់ប្រាក់នោះទេ ដែលក្រុមសាធារណរដ្ឋគ្រាន់តែយល់ព្រមចំពោះបញ្ជីនៃការទាមទាររបស់ក្រុមប្រជាធិបតេយ្យ» ហើយ គណបក្សទាំងពីរទំនងជាស្ថិតក្នុងភាពជាប់គាំង។

«យើងមិនទាន់ខិតជិតដល់ការទទួលបានកិច្ចព្រមព្រៀងណាមួយនៅឡើយទេ»។ សភាចាំបាច់ត្រូវអនុម័តច្បាប់ផ្តល់មូលនិធិសម្រាប់ក្រសួងសន្តិសុខមាតុភូមិ (DHS) នៅថ្ងៃទី១៣ ខែកុម្ភៈ ឬបើមិនដូច្នេះទេ កម្មវិធីរបស់ក្រសួងអាចត្រូវបានបិទជាបណ្តោះអាសន្ន។
បច្ចុប្បន្ន ក្រុមប្រជាធិបតេយ្យកំពុងផ្តោតសំខាន់លើការផ្លាស់ប្តូរចំពោះប្រតិបត្តិការអន្តោប្រវេសន៍របស់ ក្រសួងសន្តិសុខមាតុភូមិ (DHS) ជាពិសេសតាមរយៈកម្មវិធីដូចជាការអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ(ICE) និងការការពារគយនិងព្រំដែន(CBP)។
ទោះជាយ៉ាងណា សមាជិកជាន់ខ្ពស់នៃក្រុមប្រជាធិបតេយ្យបានអះអាងថា ការបិទសន្តិសុខមាតុភូមិ គឺចាំបាច់ ដោយសារតែការរំលោភបំពានដែលបានបង្ហាញក្រោមការបង្ក្រាបអន្តោប្រវេសន៍របស់ប្រធានាធិបតី លោក Donald Trump។