ប្រជាជននៅតំបន់ Woro ក្នុងរដ្ឋ Kwara បានចាប់ផ្តើមបញ្ចុះសពអ្នកស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ទី ៥ ខែកុម្ភៈ បន្ទាប់ពីខ្មាន់កាំភ្លើងបានសម្រុកចូលភូមិនៅភាគខាងលិចប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៧០នាក់ និងចាប់ពង្រត់ស្ត្រី និងកុមាររាប់សិបនាក់ទៀត ជាការវាយប្រហារដ៏បង្ហូរឈាមបំផុតនៅក្នុងតំបន់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ក្រុមបុរស បានរៀបចំដាក់សាកសពទៅលើរថយន្តជាច្រើនគ្រឿងនិងជីករណ្តៅធំៗ គ្របដោយដីខ្សាច់ និងមែកឈើ ខណៈសហគមន៍កំពុងព្យាយាមបញ្ចុះជនរងគ្រោះទាំងអស់នៃការវាយប្រហារកាលពីល្ងាចថ្ងៃអង្គារ។

លោក Muhammadu Muhammad ជាអ្នកស្រុក Kwara បាននិយាយថា លោកបានបាត់បង់កូនបីនាក់នៅក្នុងការវាយប្រហារនោះ។ លោកនិយាយថា «ខ្ញុំមិនអាចពន្យល់បានទេពីការឈឺចាប់ដែលខ្ញុំមាន ព្រោះខ្ញុំមិនអាចជួបកូនទាំងបីនាក់របស់ខ្ញុំ»។
អ្នកស្រុកម្នាក់ទៀត និយាយថា សហគមន៍មិនទទួលបានចំនួនអ្នកស្លាប់ពិតនៅឡោះយទេ ហើយ«ស្ថានភាពពេលនេះគឺល្អសម្រាប់អ្នកដែលបានស្លាប់ជាជាងកុមារនិងស្ត្រីដែលត្រូវបានគេចាប់ពង្រត់»។
អ្នកស្រុកបាននិយាយថា អ្នកវាយប្រហារគឺជាអ្នកប្រកាន់តឹងខាងសាសនា ដែលបានផ្សព្វផ្សាយសាសនាជាយូរមកហើយនៅក្នុងភូមិ ដោយជំរុញឱ្យអ្នកស្រុកក្នុងតំបន់បោះបង់ចោលរដ្ឋនៅនីហ្សេរីយ៉ាមួយនេះ។