លោក Matthew Whitaker តំណាងអចិន្ត្រៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការណាតូ បានប្រាប់ទូរទស្សន៍ Newsmaxថា សហរដ្ឋអាមេរិកមានផែនការបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន រហូតដល់ទីក្រុងមូស្គូ និងទីក្រុងគីវ សម្រេចបានកិច្ចព្រមព្រៀងសន្តិភាព។

លោកបានថ្លែងថា៖«ដរាបណាវាត្រូវការពេល ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព យើងនឹងបន្តលក់អាវុធរបស់យើងទៅឲ្យសម្ព័ន្ធមិត្តណាតូរបស់យើង ហើយបន្ទាប់មកពួកគេ នឹងផ្តល់អាវុធទាំងនោះ ទៅឲ្យ អ៊ុយក្រែន ដើម្បីការពារខ្លួនជាមុនសិន»។
លោកបានសង្កត់ធ្ងន់ថា លោកកំពុងនិយាយសំដៅទៅលើប្រព័ន្ធការពារដែនអាកាស និងមីស៊ីលជា ចម្បង។ ក្រៅពីនេះ សហរដ្ឋអាមេរិកមិនមានគម្រោងឈប់ផ្គត់ផ្គង់អាវុធវាយប្រហារដល់អ៊ុយក្រែនផងដែរ លោកបានបន្ថែមថា ដោយសារអាវុធទាំងនោះ មានសារៈសំខាន់សម្រាប់ការរក្សាសមត្ថភាពប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែន។

ដោយឡែកនោះ លោក Whitaker បាននិយាយថា សហរដ្ឋអាមេរិករំពឹងថា សម្ព័ន្ធមិត្តអង្គការណាតូរបស់ខ្លួននៅអឺរ៉ុប នឹងជំរុញសក្តានុពលការពារជាតិរបស់ពួកគេ ព្រោះវាមានសារៈសំខាន់សម្រាប់សន្តិភាពនាពេលអនាគតនៅអឺរ៉ុបទាំងមូល។
ការពិគ្រោះយោបល់សន្តិសុខត្រីភាគីជុំទី១ របស់រុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន ត្រូវបានធ្វើឡើង នៅទីក្រុងអាប៊ុយដាប៊ី នៅថ្ងៃទី ២៣-២៤ ខែមករា។ កិច្ចចរចាត្រីភាគីជុំទី២ បានចាប់ផ្តើមនៅរដ្ឋធានីអេមីរ៉ាតអារ៉ាប់រួម (UAE) នៅថ្ងៃទី ០៤ ខែកុម្ភៈនេះ៕