រុស្ស៊ី៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ការសំដៅរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ដល់មេដឹកនាំរុស្ស៊ីថាជាឧក្រិដ្ឋជនសង្គ្រាម ជុំវិញប្រតិបត្តិការយោធារបស់លោកនៅក្នុងប្រទេសអ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបាន។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS និង Ria Novosti អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា យើងជឿថា វោហារសាស្ត្របែបនេះគឺជារឿងមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបានសម្រាប់ប្រមុខរដ្ឋ ដែលគ្រាប់បែករបស់ខ្លួនបានសម្លាប់មនុស្សរាប់ម៉ឺននាក់នៅទូទាំងពិភពលោក។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃពុធ លោកប្រធានាធិបតីអាមេរិក Joe Biden បានហៅមេដឹកនាំរុស្ស៊ីលោក Vladimir Putin ចំៗថាជាឧក្រិដ្ឋជនសង្គ្រាម ក្នុងទង្វើមួយដែលទំនងជានឹងបង្កឲ្យមានភាពតានតឹង ខាងផ្នែកការទូតកាន់តែតឹងតែងជាងមុនទៀត។ នេះគឺជាលើកទី១ ហើយដែលលោក Biden បានប្រើភាសាបែបនេះក្នុងការថ្កោលទោសលោក Putin ហើយក្រោយមកសេតវិមានបាននិយាយថា ពាក្យសម្ដីនេះស្ដែងចេញពីបេះដូងរបស់លោកពិតៗ៕
អត្ថបទ៖ សុខមាន