នាថ្ងៃសុក្រ (ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦) កាណាដា និងបារាំង ដែលប្រទេសទាំង ២ ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះគោលបំណងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការគ្រប់គ្រងលើកោះ Greenland (ហ្គ្រីនឡែន) នឹងបើកស្ថានកុងស៊ុលនៅក្នុងរដ្ឋធានីនៃដែនដីស្វយ័តរបស់ដាណឺម៉ាកមួយនេះ ដែលជាការបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលមូលដ្ឋាន។
ចាប់តាំងពីបានវិលត្រឡប់ទៅកាន់សេតវិមានវិញ នៅឆ្នាំ២០២៥ លោក Trump បានលើកឡើងម្តងហើយម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោនត្រូវការគ្រប់គ្រងកោះអាក់ទិកយុទ្ធសាស្ត្រ និងសម្បូរទៅដោយរ៉ែមួយនេះ ដោយសារហេតុផលសន្តិសុខ។ តែកាលពីខែមករា មេដឹកនាំអាមេរិករូបនេះ បានដកការគំរាមកំហែងរបស់លោក ក្នុងការដណ្តើមកាន់កាប់កោះ Greenland បន្ទាប់ពីបាននិយាយថា លោកបានឈានដល់កិច្ចព្រមព្រៀង «ក្របខ័ណ្ឌ» ជាមួយប្រមុខអង្គការណាតូ (NATO) លោក Mark Rutte ដែលធានាដល់ការមានឥទ្ធិពលរបស់អាមេរិកកាន់តែធំជាងមុន។

ក្រុមការងារអាមេរិក-ដាណឺម៉ាក-ហ្គ្រីនឡែន ត្រូវបានបង្កើតឡើង ដើម្បីពិភាក្សាអំពីវិធីដោះស្រាយក្ដីកង្វល់របស់ទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងសន្តិសុខ នៅតំបន់អាក់ទិក ប៉ុន្តែសេចក្ដីលម្អិតនៃកិច្ចពិភាក្សានោះ មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសពីផែនការរបស់ទីក្រុងប៉ារីស ក្នុងការបើកស្ថានកុងស៊ុល ក្នុងអំឡុងពេលទស្សនកិច្ច នៅទីក្រុង Nuuk ក្នុងខែមិថុនា ឆ្នាំ២០២៥ ជាកន្លែងដែលលោកបានបង្ហាញពី «សាមគ្គីភាព» របស់អឺរ៉ុបជាមួយកោះ Greenland និងបានរិះគន់មហិច្ឆតារបស់លោក Trump។ ចំណែកកាណាដាបានប្រកាសកាលចុងឆ្នាំ២០២៤ ថា ខ្លួននឹងបើកស្ថានកុងស៊ុលនៅដែនដីនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ៕


