កាលពីថ្ងៃព្រហស្បតិ៍ (៥ កុម្ភៈ) ក្រុមសកម្មជននៅពីក្រោយកងនាវាដឹកជំនួយមួយក្រុម ដែលត្រូវបានអ៊ីស្រាអែលស្ទាក់ចាប់នៅលើសមុទ្រកាលពីឆ្នាំមុន នៅពេលកំពុងព្យាយាមនាំយកជំនួយទៅកាន់តំបន់ហ្កាហ្សា បាននិយាយថា ពួកគេនឹងព្យាយាមម្តងទៀតនៅឆ្នាំនេះ ដោយរំពឹងថា នឹងមានទូកច្រើនជាងមុនដល់ទៅពីរដង ដែលដឹកក្រុមគ្រូពេទ្យរហូតដល់ ១.០០០នាក់ ទៅកាន់តំបន់ឆ្នេរហ៊ុមព័ទ្ធមួយនេះ។
យោធាអ៊ីស្រាអែល បានស្កាត់ទូកប្រហែល ៤០គ្រឿង នៅក្នុងក្រុមនាវាដឹកជំនួយ Global Sumud កាលពីខែតុលា ឆ្នាំមុន ខណៈពេលពួកគេព្យាយាមទៅដល់តំបន់ហ្កាហ្សា ដែលត្រូវបានបិទខ្ទប់ ដោយចាប់ខ្លួនសកម្មជនស៊ុយអែតដ៏ល្បីល្បាញ ឈ្មោះ Greta Thunberg និងអ្នកចូលរួមជាង ៤៥០នាក់ ផ្សេងទៀត។

ក្រុមអ្នករៀបចំកម្មវិធី ដែលបានជួបជុំគ្នានៅឯវិមានរបស់អតីតមេដឹកនាំអាហ្វ្រិកខាងត្បូង Nelson Mandela ក្នុងទីក្រុង Johannesburg បាននិយាយថា ពួកគេសង្ឃឹមថានឹងនាំយកទូកចំនួន ១០០គ្រឿង សម្រាប់ការប៉ុនប៉ងជាថ្មីរបស់ពួកគេ។ សកម្មជនទាំងនោះនិយាយថា ប្រសិនបើក្បួននាវាជំនួយថ្មីននេះត្រូវរារាំងម្តងទៀត នោះក៏នៅតែសមតម្លៃដែរក្នុងការបញ្ជាក់ពីស្ថានភាពលំបាករបស់ហ្កាហ្សា។
អ៊ីស្រាអែល ដែលគ្រប់គ្រងការចូលទៅកាន់តំបន់ហ្កាហ្សាទាំងអស់ បានបដិសេធថា ខ្លួនមិនបានរារាំងគ្រឿងផ្គត់ផ្គង់សម្រាប់ប្រជាជនជាង ២លាននាក់ របស់ដែនដីនោះទេ។ ប្រជាជនប៉ាឡេស្ទីន និងស្ថាប័នផ្តល់ជំនួយអន្តរជាតិ បាននិយាយថា គ្រឿងផ្គត់ផ្គង់ដែលទៅដល់ទឹកដីនេះ នៅតែមិនគ្រប់គ្រាន់ឡើយ ទោះបីជាមានបទឈប់បាញ់ក្នុងខែតុលា ឆ្នាំមុន ដែលរួមមានការធានានៃការបង្កើនជំនួយក៏ដោយ៕

