ក្រុមហ៊ុនវិស័យការពារជាតិ Kratos ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងយោធាកោះតៃវ៉ាន់ បានសាកល្បងយានដ្រូនវាយប្រហារថ្មីមួយប្រភេទដោយជោគជ័យ ក្នុងជំហានមួយដែលមានគោលបំណងជំរុញសមត្ថភាពរបស់កោះនេះយ៉ាងឆាប់រហ័សក្នុងការដាក់ពង្រាយយានដ្រូនដែលមានតម្លៃទាប «មួយចំនួនធំ» ស្របពេលមានសម្ពាធពីប្រទេសចិន កាន់តែខ្លាំងឡើង។
ក្រុមហ៊ុន Kratos បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ (៥ កុម្ភៈ) ថា នៅក្នុងយុទ្ធនាការសាកល្បងថ្មីៗនេះ នៅឯមូលដ្ឋានរបស់ស្ថាប័ន Kratos ក្នុងទីក្រុង Oklahoma City បណ្ដាវិស្វករមកពីភាគីទាំងពីរ បានផ្ទៀងផ្ទាត់ការរួមបញ្ចូលគ្នានៃបន្ទុកបេសកកម្មរបស់កោះតៃវ៉ាន់ នៅលើយានដ្រូនវាយប្រហារប្រភេទ Mighty Hornet IV។ ក្រុមហ៊ុន Kratos បានហៅការសាកល្បងនេះថាជា «ព្រឹត្តិការណ៍ដ៏សំខាន់» ដែលអាចបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងក្រុមហ៊ុន និងស្ថាប័នស្រាវជ្រាវយោធារបស់កោះតៃវ៉ាន់ គឺវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ NCSIST។

កិច្ចខិតខំប្រឹងប្រែងនេះកើតឡើង ខណៈដែលកោះតៃវ៉ាន់ កំពុងស្វះស្វែងពង្រីកទំនាក់ទំនងសន្តិសុខជាមួយសហរដ្ឋអាមេរិក រួមទាំងការអភិវឌ្ឍ និងផលិតអាវុធរួមគ្នាផងដែរ និងស្របពេលដែលប្រទេសចិន បង្កើនសម្ពាធយោធាកាន់តែខ្លាំងឡើង ដើម្បីបង្ខំឱ្យកោះស្វ័យគ្រប់គ្រងមួយនេះ ទទួលយកការអះអាងអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ ប្រធានអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅសប្តាហ៍នេះថា ចំនួនយន្តហោះយោធាចិន ដែលត្រូវបានសង្កេតឃើញ រួមទាំងយន្តហោះចម្បាំង និងយានដ្រូន ដែលប្រតិបត្តិការនៅជិតកោះតៃវ៉ាន់ បានកើនឡើង ២៣% ក្នុងឆ្នាំ ២០២៥ ធៀបនឹងឆ្នាំមុននោះ៕

