ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងមានអំណាចកាន់តែច្រើនក្នុងការជួល និងបណ្តេញបុគ្គលិកសហព័ន្ធអាជីពរហូតដល់ ៥០.០០០នាក់ នៅក្នុងការផ្លាស់ប្តូរប្រព័ន្ធសេវាស៊ីវិលមួយរបស់រដ្ឋាភិបាល ដែលប្រកាសដោយរដ្ឋបាលរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ (៥ កុម្ភៈ)។
ការផ្លាស់ប្តូរប្រព័ន្ធសេវាស៊ីវិល ដែលចេញផ្សាយដោយការិយាល័យគ្រប់គ្រងបុគ្គលិក OPM គឺជាការបំពេញតាមពាក្យសន្យាយុទ្ធនាការបោះឆ្នោតរបស់លោក Trump ក្នុងការដកហូតសិទ្ធិការពារផ្នែកការងារ ពីបុគ្គលិកសហព័ន្ធដែលក្រុមមន្រ្តីរបស់ប្រធានាធិបតីរូបនេះ ចាត់ទុកថាជាអ្នក «ជះឥទ្ធិពល» លើគោលនយោបាយរបស់រដ្ឋាភិបាល។

នេះជាការផ្លាស់ប្តូរដ៏ធំបំផុតចំពោះច្បាប់គ្រប់គ្រងសេវាស៊ីវិល ក្នុងពេលជាងមួយសតវត្សរ៍ ហើយផ្តោតលើបុគ្គលិកដែលរដ្ឋបាលមើលឃើញថា ធ្វើឱ្យប៉ះពាល់ដល់អាទិភាពរបស់ប្រធានាធិបតី។ គោលនយោបាយដែលរដ្ឋបាលលោក Trump ចេញផ្សាយថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា លោក Trump នឹងមានអំណាចក្នុងការជ្រើសរើសមុខតំណែងរដ្ឋាភិបាលណាដែលនឹងបាត់បង់សិទ្ធិការពាររបស់ពួកគេ។
លោក Scott Kupor នាយកការិយាល័យគ្រប់គ្រងបុគ្គលិក OPM និងជាមន្ត្រីជាន់ខ្ពស់ផ្នែកធនធានមនុស្សរបស់រដ្ឋបាល បាននិយាយថា «រដ្ឋបាលមិនអាចដំណើរការអង្គការមួយបានទេ ប្រសិនបើមនុស្សបដិសេធមិនអនុវត្តគោលបំណង និងបទបញ្ជាស្របច្បាប់របស់រដ្ឋបាល»។
នៅពេលចូលកាន់តំណែងក្នុងខែមករា ឆ្នាំមុន លោកប្រធានាធិបតី Trump បានចាប់ផ្តើមយុទ្ធនាការដ៏ធំមួយដើម្បីកាត់បន្ថយកម្លាំងពលកម្មស៊ីវិលសហព័ន្ធដ៏រឹងមាំចំនួន ២,៤លាននាក់ ដែលលោកនិយាយថា ច្រើនពេក និងគ្មានប្រសិទ្ធភាព៕

