ផ្លូវជនបទនៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង មានប្រវែង ៤ ២០០ ម៉ែត្រ ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានលើក កម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដោយបានស្ថាបនាស្របតាមបច្ចេកទេសត្រឹមត្រូវ និងប្រកបដោយគុណភាពខ្ពស់ ផ្តល់ ប្រយោជន៍ដល់សង្គម និងសេដ្ឋកិច្ច។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ២០២៦ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៤ ២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ, សាងសង់លូប្រអប់មុខបីចំនួន ១ កន្លែង, លូមូលមុខមួយចំនួន ៥ កន្លែង, ផ្លាកសញ្ញាចរាចរណ៍ចំនួន ៣០ ផ្លាក, គំនូស ចរាចរណ៍ចំនួន ២១០ ម៉ែត្រការ៉េ និងផ្លាកឈ្មោះផ្លូវចំនួន ២ កន្លែង ស្ថិតនៅភូមិព្រែកអន្ទះ ឃុំព្រែកអន្ទះ ទៅភូមិព្រែកជ្រៃក្រោម ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានជំរុញអភិវឌ្ឍន៍សម្រេចបានសមិទ្ធផលជាច្រើន ដែលជា មូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសម្តេចទាំងទ្វេបាន គិតគូរយ៉ាងខ្លាំងអំពីការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាជននៅតាមជនបទ។ ជាក់ស្តែងនៅក្នុងអាណត្តិទី៧នេះ, ជុំវិញការអភិវឌ្ឍនៅ ជនបទ រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងការប្រែក្លាយតំបន់ជនបទ ទៅជាតំបន់រីកចម្រើន តាមរយៈនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនានា ជាពិសេសការអភិវឌ្ឍផ្លូវ ស្ពាន និងសំណង់សិល្បការ្យផ្សេងៗ។
ជុំវិញការងារលើកកម្រិតគុណភាពផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់នាយក ដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានខិតខំប្រែងលើការងារលើកកម្រិត គុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ខាងលើនេះបានល្អប្រសើរ សម្រាប់ជាប្រយោជន៍ក្នុងសង្គម ជាពិសេសលើកកម្ពស់ដល់ ការរស់នៅប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានផ្លូវល្អធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម៕
អត្ថបទ៖ សុន រ៉ាឌី
















