បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool បានបន្តដាក់សំពាធលើក្រុមកំពូលតារាង Manchester City ដោយដេញពីក្រោយតែ ១ពិន្ទុប៉ុណ្ណោះក្រោយយកឈ្នះនៅទឹកដី Arsenal ២-០ យប់មិញ។

Arsenal ដែលកំពុងមានទំរង់លេងល្អ និងកំពុងប្រយុទ្ធដើម្បីតំណែង Top4 របស់ខ្លួននោះមិនអាចទប់ជាប់ឡើយ បន្ទាប់ពីខ្សែប្រយុទ្ធព័រទុយហ្កាល់ Diogo Jota រកគ្រាប់នាំមុខបានសំរេចនៅនាទីទី ៥៤ មុនពេលដែលខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino ធានាជ័យជំនះនៅនាទីទី ៦២។ នេះជាជ័យជំនះ ៩ប្រកួតជាប់គ្នាហើយសំរាប់ Liverpool នៅ Premier League ដែលនៅពេលនេះក្រុមរបស់លោក Jurgen Klopp ដេញពីក្រោយ Manchester City តែ ១ពិន្ទុប៉ុណ្ណោះក្រោយលេងបាន ២៩ ប្រកួតដូចគ្នា។ ចំណែក Arsenal នៅតែបន្តឈរលេខ ៤ ដដែលពីលើក្រុមលេខ ៥ Manchester United ១ពិន្ទុហើយក្រុមរបស់លោក Mikel Arteta នៅសល់ ២ ប្រកួតក្នុងដៃទៀត។

ដោយឡែកមួយគូទៀតយប់មិញផងដែរ Tottenham Hotspur ធ្វើដំណើរទៅយកបីពិន្ទុពីទឹកដី Brighton។ ខ្សែការពារ Cristian Romero បើកការនាំមុខឱ្យ Spurs នៅនាទីទី ៣៧ ខណៈវគ្គទី ២ ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ធានាជ័យជំនះនៅនាទីទី ៥៧ ដែលជាគ្រាប់ទី ៧ របស់គេក្នុង ៦ ប្រកួតចុងក្រោយ។ បីពិន្ទុនេះធ្វើឱ្យ Spurs បន្តក្តីសង្ឃឹមដណ្តើមតំណែង Top4 ផងដែរដោយកំពុងឈរលេខ ៧ មាន ៤៨ ពិន្ទុដេញពីក្រោយក្រុមលេខ ៤ Arsenal ៣ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ