មេដឹកនាំអូស្ត្រាលី និងឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ នាថ្ងៃសុក្រ (ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ដែលជាដំណើរយល់ព្រមមួយ ក្នុងចំណោមកិច្ចព្រមព្រៀងជាបន្តបន្ទាប់ ដែលទីក្រុងកង់បេរ៉ា (Canberra) សម្រេចបានជាមួយប្រទេសជិតខាងរបស់ខ្លួន ដើម្បីពង្រឹងទំនាក់ទំនង និងកាត់បន្ថយឥទ្ធិពលរបស់ចិន នៅក្នុងតំបន់។
នៅក្នុងពិធីចុះហត្ថលេខាមួយ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានជួបជាមួយនាយករដ្ឋមន្ត្រី លោក Anthony Albanese ដែលបាននិយាយមុនពេលលោកធ្វើដំណើរទៅកាន់ទីក្រុងហ្សាការតាថា កិច្ចព្រមព្រៀងនេះ គឺជា «ពេលវេលាដ៏សំខាន់» នៅក្នុងទំនាក់ទំនងនៃប្រទេសទាំង២។ លោក Albanese បានលើកឡើងថា៖ «វាគឺតំណាងឲ្យការពង្រីកដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិរបស់យើង ហើយបង្ហាញថា ទំនាក់ទំនងរបស់យើង គឺរឹងមាំដូចដែលវាធ្លាប់មាន»។

រដ្ឋាភិបាលកណ្តាល-ឆ្វេងនិយមរបស់ប្រទេសអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ នគរបាល និងជំនួយជាបន្តបន្ទាប់ នៅទូទាំងតំបន់ប៉ាស៊ីហ្វិក ចាប់តាំងពីចូលកាន់តំណែងនៅឆ្នាំ២០២២ ដោយព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួន និងព្យាយាមកាត់បន្ថយឥទ្ធិពលរបស់ប្រទេសចិន។
កិច្ចប្រឹងប្រែងនេះ មានកាន់តែខ្លាំងឡើងក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ខណៈដែលសហរដ្ឋអាមេរិកជំរុញសម្ព័ន្ធមិត្តឲ្យធ្វើការងារកាន់តែច្រើនបន្ថែមទៀត ដើម្បីទប់ស្កាត់ឥទ្ធិពលយោធាដែលកំពុងតែកើនឡើងជាលំដាប់របស់ទីក្រុងប៉េកាំង៕

