មន្ត្រីម៉ិកស៊ិកកំពុងថ្លឹងថ្លែង អំពីថា តើត្រូវបញ្ជូនប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបាយ៉ាងដូចម្ដេច ដើម្បីជួយបំពេញតម្រូវការមូលដ្ឋាន ដូចជាអគ្គិសនី និងការដឹកជញ្ជូនជាដើម ហើយការធ្វើបែបនោះនឹងមិនបង្កមានការសងសឹកពីទីក្រុងវ៉ាស៊ីនតោន ដែលបានគំរាមដំឡើងពន្ធលើបណ្ដាប្រទេសដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រទេសកោះការ៉ាអ៊ីប។ នេះបើយោងតាមប្រភពចំនួន ៤ ដែលដឹងពីបញ្ហានេះ។
ប្រភពព័ត៌មានទាំងនោះបានប្រាប់ថា មន្ត្រីម៉ិកស៊ិកកម្រិតខ្ពស់ បានជជែកពិភាក្សាជាមួយសមភាគីអាមេរិក ដើម្បីទទួលបានភាពច្បាស់លាស់ អំពីវិសាលភាពនៃការគំរាមដំឡើងពន្ធ ដែលបានបញ្ជាក់ដោយលោកប្រធានាធិបតី Donald Trump នៅក្នុងក្រឹត្យមួយ និងស្វែងរកមើលថា តើមានវិធីណាដែរ ឬអត់ ដើម្បីដឹកជញ្ជូនប្រេងឥន្ធនៈដែលត្រូវការខ្លាំងនេះ។ តែយ៉ាងណាក្ដី វានៅតែមិនប្រាកដនោះឡើយថា តើម៉ិកស៊ិកនឹងរកឃើញដំណោះស្រាយបានដែរ ឬយ៉ាងណា។

សេតវិមានបានបញ្ជាក់សារព័ត៌មាន Reuters ជាមួយនឹងការលើកឡើងពីមុនរបស់លោក Trump ដែលកាលពីថ្ងៃចន្ទ បានប្រាប់អ្នកសារព័ត៌មានថា ម៉ិកស៊ិកនឹងឈប់បញ្ចូនប្រេងទៅកាន់ប្រទេសគុយបា តែលោកមិនបានបញ្ជាក់លម្អិតអំពីមូលហេតុដែលលោកជឿថា វានឹងមានករណីនោះកើតឡើងឡើយ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រភពទាំងនោះ ទាំងក្រសួងការបរទេសសហរដ្ឋអាមេរិក និងប្រធានាធិបតីម៉ិកស៊ិកមិន បានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ហើយក្រសួងការបរទេសម៉ិកស៊ិក បានប្រាប់ថា ខ្លួនមិនមានព័ត៌មាន អំពីបញ្ហានេះទេ។
ការដឹកជញ្ជូនប្រេងរបស់វ៉េណេស៊ុយអេឡាទៅកាន់ប្រទេសកោះនេះ បានបញ្ឈប់ បន្ទាប់ពីមានការបិទខ្ទប់របស់សហរដ្ឋអាមេរិក លើនាវាដឹកប្រេងរបស់វ៉េណេស៊ុយអេឡា កាលពីខែធ្នូឆ្នាំមុន និងការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro នៅដើមខែមករា ដែលធ្វើឲ្យប្រទេសម៉ិកស៊ិកក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេរបស់គុយបា៕

