ក្នុងនាមជាអនុប្រធានសភាពាណិជ្ជកម្មនៅក្នុងទីក្រុង Van ភាគខាងកើតនៃប្រទេសទួរគី ការងាររបស់លោក Fevzi Celiktas គឺជំរុញសេដ្ឋកិច្ចក្នុងស្រុក។ ប៉ុន្តែលោកមានបញ្ហាធំមួយ គឺប្រទេសជិតខាងរបស់លោក។
លោកបាននិយាយថា៖«យើងមានប្រទេសមួយចំនួនដែលគួរឲ្យខ្លាចបំផុតនៅលើពិភពលោក នៅមាត់ទ្វាររបស់យើង៖ អ៊ីរ៉ាក់ ស៊ីរី និងអ៊ីរ៉ង់»។
«បញ្ហានេះ ធ្វើឲ្យការអភិវឌ្ឍរបស់យើងមានភាពស្មុកស្មាញយ៉ាងខ្លាំង»។

លោក Celiktas មិនព្រងើយកន្តើយចំពោះជោគវាសនារបស់ជនជាតិអ៊ីរ៉ង់ ដែលឆ្លងកាត់ទៅព្រំដែនទួរគីបន្ទាប់ពីការបង្ក្រាបយ៉ាងឃោរឃៅទៅលើការតវ៉ា នៅក្នុងខែមករា។
ប៉ុន្តែការដួលរលំនៃសេដ្ឋកិច្ច និងរូបិយប័ណ្ណរបស់ពួកគេ ដែលបានបង្កឲ្យមានការបះបោររបស់ប្រជាជន កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្តនេះ។
ប្រទេសទួរគីមានព្រំដែនប្រវែង ៥៥០គីឡូម៉ែត្រជាមួយអ៊ីរ៉ង់ ដែលចម្ងាយ ៣០០គីឡូម៉ែត្រ ស្ថិតនៅជាប់នឹងខេត្ត Van ជាមួយនឹងច្រកព្រំដែនថ្មើរជើងសំខាន់គឺ Kapikoy ដែលការធ្វើដំណើរដោយយានជំនិះ ចំណាយពេលត្រឹមតែ ៩០នាទី ពីរដ្ឋធានីខេត្តនេះ ដែលត្រូវបានគេហៅថា Van ផងដែរ។
វិបត្តិចុងក្រោយបំផុតនេះ បានបង្កផលប៉ះពាល់មួយទៀតដល់សេដ្ឋកិច្ចដែលកំពុងជួបការលំបាក នៅក្នុងតំបន់ដែលមានប្រជាជនចំនួន ១,១ លាននាក់ ដែលស្ថិតនៅចុងខាងកើតនៃតំបន់ Anatolia៕
