ក្រុមមន្រ្តីនិយាយថា មន្រ្តីយោធាជាន់ខ្ពស់មួយរូបរបស់រុស្ស៊ីលោកឧត្តមសេនីយឯក Vladimir Alexeyev ត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយរងការបាញប្រហារនៅទីក្រុងមូស្គូនាថ្ងៃសុក្រនេះ ។
លោក Alexeyev គឺជាអនុប្រធាននាយកដ្ឋានអគ្គសេនាធិការនៃក្រសួងការពារជាតិរុស្ស៊ី ហើយនៅពេលមេទ័ពទាហានស៊ីឈ្នួលលោក Yevgeny Prigozhin បះបោររយៈពេលខ្លី កាលពីខែមិថុនា ឆ្នាំ ២០២៣ លោក Alexeyev ស្ថិតក្នុងចំណោមមន្រ្តីយោធាជាន់ខ្ពស់រុស្ស៊ី ត្រូវបានបញ្ជូនទៅចរចាជាមួយគាត់ ។
ការិយាល័យរដ្ឋអាជ្ញាក្រុងមូស្គូនិយាយថា លោក Alexeyev រងការបាញ់ប្រហារជាច្រើនគ្រាប់នៅអគារស្នាក់នៅ ស្ថិតនៅភាគពាយ័ព្យទីក្រុងមូស្គូ ដោយឃាតករមិនស្គាល់មុខម្នាក់ ដែលបានរត់គេចចេញពីកន្លែងកើតហេតុ ។
សូមបញ្ជាក់ថា មន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបរបស់រុស្ស៊ី ត្រូវបានគេប៉ុនប៉ងធ្វើឃាត ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន ក្នុងនោះទីក្រុងមូស្គូ បានដាក់ការស្តីបន្ទោសលើទីក្រុងគីវ ។ ករណីខ្លះ ចារកម្មយោធាអ៊ុយក្រែន បានប្រកាសទទួលស្គាល់ចំពោះការប៉ុនប៉ងធ្វើឃាតទាំងអស់នោះ ៕