បាល់ទាត់៖ កីឡាករសញ្ជាតិអាមេរិក ដែលធ្លាប់ប្រកបអាជីពបាល់ទាត់នៅកម្ពុជា ៣រដូវ Jonathan Campbell ពេលនេះរកក្លិបថ្មីបានហើយ បន្ទាប់ពីក្លិបជើងឯកលីគកំពូលកម្ពុជា ២០១៩ ព្រះខ័នរាជស្វាយរៀងមិនបានបន្តកិច្ចសន្យាថ្មី។
លើផេកផ្លូវការរបស់ខ្លួនក្លិប United City ដែលពីមុនត្រូវគេស្គាល់ថាជាក្លិប Ceres Negros បានប្រកាសស្វាគមន៍ការមកដល់របស់កីឡាកររូបនេះ បន្ទាប់ពីទាក់ចិត្តក្លិបក្នុងការបង្ហាញខ្លួនឱ្យព្រះខ័នរាជកាលពីឆ្នាំ២០២០ ការប្រកួត AFC Cup ជាមួយ Ceres Negros។ ក្រោយត្រូវប្រកាសជាផ្លូវការ Jonny Campbell បានលើកឡើងថា គេពិតជារីករាយដែលបានចុះហត្ថលេខាលេងឱ្យក្លិបរបស់ហ្វីលីពីនមួយនេះ ហើយទន្ទឹងរង់ចាំជួបជាមួយគ្រួសារបាល់ទាត់ថ្មី និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពជួយក្រុម ទាំងការប្រកួតពានកម្រិតកំពូលអាស៊ី AFC Champion League និងលីគកំពូលប្រទេសហ្វីលីពីន។
Jonathan Campbell ខ្សែការពារកណ្តាលវ័យ ២៩ឆ្នាំ កើតនៅJohnson City រដ្ឋTennesseeសហរដ្ឋអាមេរិក ផ្តើមលេងបាល់ទាត់ដំបូងក្នុងក្រុមយុវជនក្លិប FC Alliance មុនពេលទៅលេងឱ្យក្រុមសាកលវិទ្យាល័យ Tennessee ខាងកើត។ ក្រោយមកគេចាប់ផ្តើមលេងកម្រិតអាជីពជាមួយក្លិប Philadelphia Fury មុនគោចរមកដល់ទ្វីបអាស៊ីដោយលេងឱ្យក្លិបថៃ Chachoengsao FC និង Phnom Penh Crown ឆ្នាំ២០១៨ ។ បន្ទាប់មកខ្សែការពាររូបនេះ បានផ្ទេរមកលេងឱ្យព្រះខ័នរាជស្វាយរៀង ២រដូវកាល និងជួយឱ្យព្រះខ័នរាជឈ្នះជើងឯកលីគកំពូលឆ្នាំ២០១៩ និងជើងឯករងឆ្នាំ២០២០៕
អត្ថបទ៖ គង់ ហួន