មន្រ្តីក្នុងស្រុកនិយាយថា មនុស្សយ៉ាងហោច ៣១នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ១០០នាក់ផ្សេងទៀត បានរងរបួស ក្រោយហេតុការណ៍ផ្ទុះនៅក្នុងព្រះវិហារស៊ីអ៊ីត ស្ថិតក្នុងរដ្ឋធានី Islamabad ប្រទេសប៉ាគីស្ថាន ។
ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅក្នុងព្រះវិហារ Khadija Tul Kubra ស្ថិតនៅភាគអាគ្នេយ៍តំបន់ Tarlai Kalan ស្ថិតក្នុងទីក្រុង Islamabad អំឡុងពិធីបួងសួងថ្ងៃសុក្រ ។
រដ្ឋបាលក្រុង Islamabad និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ១៦៩នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយក្រុមជួយសង្រ្គោះ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ។
លោក Taqi Jawad គឺជាអ្នកនាំពាក្យទីក្រុង Islamabad និយាយថា មូលហេតុនៃការផ្ទុះ ពុំត្រូវបានកំណត់នៅឡើយនោះទេ ។

ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif បានសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំរបស់លោក បន្ទាប់ពីឧបទ្ទេវហេតុផ្ទុះនេះកើតឡើង ។
សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំមុន ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនឯងនៅច្រកចូលតុលាការស្រុក Islamabad ដោយបានសម្លាប់មនុស្សយ៉ាងហោច ១២នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ៕
