សេវាកម្មសង្រ្គោះបន្ទាន់ និយាយថា ជនប៉ាឡេស្ទីន ២នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប ក្នុងនោះការវាយប្រហារជាច្រើនលើក ត្រូវបានគេរាយការណ៍ផងដែរនៅទូទាំងដែនដីបិទច្រកជាប់តំបន់ឆ្នេរមួយនេះ ស្របពេលដែលអ៊ីស្រាអែលនៅតែបន្តសង្រ្គាមប្រល័យពូជសាសន៍របស់ខ្លួន បើទោះបីជាមានបទឈប់បាញ់ក៏ដោយ គឺជាបទឈប់បាញ់មួយដែលពួកគេបំពានស្ទើតែរាល់ថ្ងៃចាប់តាំងពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥រហូតមក ។

សាកសពជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅទីក្រុង Jabalia និងទីក្រុង Beit Lahiya ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ al-Shifaនៅថ្ងៃសុក្រនេះ ស្ថិតក្នុងទីក្រុងហ្កាហ្សា ។
នៅទីក្រុងភាគខាងត្បូង Khan Younis អ៊ីស្រាអែល បានកម្ទេចផ្ទះសម្បែងមួយខ្នងរបស់ជនប៉ាឡេស្ទីន ជាការឆ្លើយតបចំពោះការបាញ់ឲ្យរងរបួសទាហានរបស់ពួកគេនៅជិតបន្ទាត់លឿង ។
អ្នកស្រី Saleh Abu Hatab គឺជាអ្នកស្រុកមួយរូបនិយាយថា ក្នុងរយៈពេលកន្លះម៉ោង មនុស្សនៅក្នុងផ្ទះត្រូវបានជម្លៀសចេញ ហើយផ្ទះត្រូវបានគេទម្លាក់គ្រាប់បែកកម្ទេចចោល ។
អ្នកស្រីបន្តថា គ្មានអ្នករងរបួស ឬស្លាប់ត្រូវបានរាយការណ៍នោះទេ ហើយកងកម្លាំងអ៊ីស្រាអែល បានវាយប្រហារដីទំនេរផងដែរ នៅសង្កាត់ Sheikh Ijilin ស្ថិតក្នុងទីក្រុងហ្កាហ្សា ។
ការវាយប្រហារនេះដែរ បានកើតមាន រយៈពេល ២ថ្ងៃប៉ុណ្ណោះ ក្រោយអ៊ីស្រាអែលសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ២៣នាក់ កាលពីថ្ងៃពុធ ដែលស្ថិតក្នុងចំណោមថ្ងៃស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីខែតុលា ឆ្នាំមុន ៕
