អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នឹងធ្វើទស្សនកិច្ចលើកទី៣ របស់លោក នៅទីក្រុងវ៉ាស៊ីនតោន នាដើមខែមីនា ស្របពេលមានកិច្ចប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងឆ្លងមហាសមុទ្រអាត្លង់ទិក រវាងបណ្ដាប្រទេស នៅអឺរ៉ុប និងប្រធានាធិបតីអាមេរិក លោក Donald Trump។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអាល្លឺម៉ង់ Die Welt នៅថ្ងៃសុក្រ (ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ។
ពាក់ព័ន្ធនឹងការចុះផ្សាយនេះ មិនមានការអត្ថាធិប្បាយភ្លាមៗឡើយពីការិយាល័យរបស់លោក Merz។

ព័ត៌មាននេះកើតឡើងប្រហែលមួយសប្តាហ៍ មុនពេលចាប់ផ្តើមសន្និសីទសន្តិសុខទីក្រុង Munich ដែលជាកិច្ចប្រជុំប្រចាំឆ្នាំកម្រិតខ្ពស់របស់អ្នកឯកទេសគោលនយោបាយសន្តិសុខ ដែលបានឃើញមានការរិះគន់យ៉ាងខ្លាំង ចំពោះដៃគូអង្គការណាតូ (NATO) របស់សហរដ្ឋអាមេរិក នៅអឺរ៉ុប ដោយអនុប្រធានាធិបតីអាមេរិក លោក J.D. Vance។
លោក Vance មិនត្រូវបានគេរំពឹងថា នឹងទៅចូលរួមសន្និសីទនៅឆ្នាំនេះនោះទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេស លោក Marco Rubio និងគណៈប្រតិភូសភា គ្រោងនឹងចូលរួម៕
