កាសែត Al Jazeera នឹងបញ្ចេញការស៊ើបអង្កេតថ្មីរបស់ខ្លួនលើក្រុមប្រដាប់អាវុធនៅតំបន់ហ្កាហ្សា ដែលរងការចោទប្រកាន់ថា បានសម្របសម្រួលជាមួយយោធាអ៊ីស្រាអែលប្រឆាំងជនប៉ាឡេស្ទីន ផ្តល់ជាឈ្មោះលម្អិតរបស់ពួកគេ ចលនាបំលាស់ទីរបស់ពួកគេ និងទីកន្លែងហ្វឹកហាត់របស់ពួកគេ ស្របពេលដែលសង្រ្គាមប្រល័យពូជសាសន៍អ៊ីស្រាអែលលើដែនដីបិទច្រកមួយនេះ នៅតែបន្តឥតស្រាកស្រាន្ត ។
ការស៊ើបអង្កេតនេះ ដែលជារឿងរ៉ាវថ្មីនៃកម្មវិធី “What is Hidden is Greater” សរសេរដោយអ្នកសារព័ត៌មានកាសែត Al Jazeera លោក Tamer Almisshal នឹងចុះផ្សាយនៅវេលាម៉ោង ៩យប់ ម៉ោងក្នុងស្រុក នៅទីក្រុង Doha ប្រទេសកាតា ថ្ងៃសុក្រនេះ ។ វារួមមានសំឡេងអាត់ និងវីដេអូរៀបរាប់ពីឯកសារដែលមនុស្សនៅតំបន់ហ្កាហ្សា ត្រូវបានគេជ្រើសរើស និងប្រតិបត្តិការរបស់ពួកគេ ។

ការស៊ើបអង្កេតនេះដែរ បង្ហាញថា ក្រុមប្រដាប់អាវុធដែលបានជ្រើសរើស អាចដើរហើរដោយសេរីពីតំបន់ភាគខាងជើង ដល់តំបន់ភាគខាងត្បូងតំបន់ហ្កាហ្សា នៅពីក្រោយបន្ទាត់លឿង ។
អ៊ីស្រាអែល បានបំពានបទឈប់បាញ់ម្តងហើយម្តងទៀតស្ទើតែរាល់ថ្ងៃ ដោយបានសម្លាប់ជនប៉ាឡេស្ទីនជាង ៥២៥នាក់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ។
ផែនទីយោធាអ៊ីស្រាអែលបង្ហាញពីខ្សែបន្ទាត់លឿងលាតសន្ធឹង ១,៥គ.ម និង ៦,៥គ.ម នៅក្នុងតំបន់ហ្កាហ្សា ចាប់ពីព្រំដែនភាគខាងត្បូងជាមួយអ៊ីស្រាអែល និងគ្របដណ្តប់ផ្ទៃដីប្រហែល ៥៨ភាគរយនៃតំបន់ហ្កាហ្សា ។
យោងតាមការស៊ើបអង្កេត បានឲ្យដឹងថា ក្រុមប្រដាប់អាវុធទាំងនេះ ប្រឈមនឹងការចោទប្រកាន់ជាច្រើន នៃការសម្របសម្រួលជាមួយក្រុមកាន់កាប់អ៊ីស្រាអែល ស្របពេលមានភ័ស្តុតាងកើនឡើង បញ្ជាក់ថា ពួកគេបំលាស់ទីនៅក្នុងតំបន់ហាមឃាតចំពោះជនប៉ាឡេស្ទីន ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ គឺជាការចោទប្រកាន់មួយដែលក្រុមទាំងនេះមួយចំនួន បានច្រានចោល ៕
