ប្រភពការទូតមួយ បានឲ្យដឹងនៅថ្ងៃសុក្រ (ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា គណៈកម្មាធិការមួយរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តយល់ព្រមដល់ការលើកលែង ពីទណ្ឌកម្មយ៉ាងទូលំទូលាយ ចំពោះកូរ៉េខាងជើង ដើម្បីអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ថ្មីៗចូលទៅប្រទេសនេះ ចំពេលមានការជំរុញពីទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនឲ្យធ្វើការជាមួយទីក្រុងព្យុងយ៉ាង។
សមាជិកនៃគណៈកម្មាធិការទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ពាក់ព័ន្ធនឹងកូរ៉េខាងជើង បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីលើកលែងទណ្ឌកម្ម លើគម្រោងមនុស្សធម៌ចំនួន ១៧ សម្រាប់កូរ៉េខាងជើង។ នេះបើយោងតាមប្រភពដែលបានប្រាប់សារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសាររូបគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈឡើយ។
យ៉ាងណាក្ដី មិនទាន់មានការប្រកាសជាផ្លូវការណាមួយពីក្រុមប្រឹក្សាសន្តិសុខ ឬគណៈកម្មាធិការទណ្ឌកម្មនេះនៅឡើយទេ។ អង្គការសហប្រជាជាតិក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗបាននោះដែរ។
ប្រភពបានបន្ថែមថា គម្រោងទាំងនេះ ដែលទាំងអស់នេះត្រូវបានអនុវត្តដោយស្ថាប័នអន្តរជាតិ ដូចជាអង្គការយូនីសេហ្វ (UNICEF) និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ត្រូវបានផ្អាកចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥។
UNSC បានអនុម័តសេចក្តីសម្រេចលេខ១៧១៨ ក្នុងឆ្នាំ២០០៦ បន្ទាប់ពីមានការសាកល្បងនុយក្លេអ៊ែរលើកទី៦ របស់កូរ៉េខាងជើង ដែលរំលោភលើទណ្ឌកម្មមុនៗ ដោយហាមឃាត់មិនឲ្យមានការផ្ទេរអាវុធ ឥន្ធនៈ និងរបស់របរផ្សេងទៀតដែលត្រូវបានរួមបញ្ចូលនៅក្នុងកញ្ចប់ជំនួយផងដែរ៕