ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ កាត់បន្ថយការធ្វើដំណើរ ខណៈប្រេងសាំងកំពុងហក់ឡើងខ្លាំង ហើយសម្តេច ក៏បានស្នើសុំកុំឲ្យជេររាជរដ្ឋាភិបាលដែរ ព្រោះមូលហេតុ ដែលប្រេងឡើងថ្លៃនេះ គឺកើតចេញពីបញ្ហាសកល ពិសេសគឺសង្រ្គាមរុស្ស៊ី និងអ៊ុយគ្រែន។
ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» នៅក្នុងខេត្តព្រៃវែង នា ព្រឹកថ្ងៃទី១៧ ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនបើមិនមានករណីចាំបាច់ទេ ប្រជាពលរដ្ឋទាំងអស់គប្បីកាត់បន្ថយការធ្វើដំណើរ ដោយសារតែពេលនេះប្រេង សាំងបានឡើងថ្លៃ ហើយការឡើងថ្លៃនេះ គឺបានកើតឡើងចេញពីបញ្ហាសកល ដោយមានការដាក់ទណ្ឌកម្មចំពោះប្រទេសរុស្ស៊ី ពីសំណាក់សភាពអឺរ៉ុប និងអាមេរិកជាដើម។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាថ្មីម្តងទៀតថា សម្តេច នឹងមិនអនុញ្ញាតជាដាច់ខាតចំពោះប្រជាពលរដ្ឋខ្មែរណា ដែលចង់ទៅធ្វើសង្រ្គាមនៅប្រទេសអ៊ុយគ្រែន ដោយ សម្តេចបានបញ្ជាក់ថា ការធ្វើបែបនេះ គឺប្រៀបដូចជាការយកសាំងទៅចាក់លើភ្លើងយ៉ាងដូច្នោះដែរ។
ពាក់ព័ន្ធនឹងបញ្ហាសាំងឡើងថ្លៃវិញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច នៅតែបន្ត សង្កេតឃើញរថយន្ត បន្តធ្វើចរាចរពាសពេញផ្លូវដដែល ទាំងរថយន្តធុនតូច ធុនធំ និងម៉ូតូ ជាដើម៕
អត្ថបទ៖ បាន ចក់
