សត្វគោ និងសត្វពពែងាប់រាប់សិបក្បាលដែលបានរាយប៉ាយជុំវិញចម្ការដំណាំរបស់អ្នកស្រី Maria Katanga ក្នុងស្រុក Kajiado ស្ថិតនៅតាមតំបន់ជាយក្រុង Nairob បង្ហាញភ័ស្តុតាងមួយនៃគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ ដែលយាយីតំបន់សហគមន៍ចិញ្ចឹមសត្វនៅប្រទេសកេនយ៉ា ។
អ្នកស្រី Maasai វ័យ ២៤ឆ្នាំ ដែលជាអ្នកគង្វាលសត្វមួយរូបនិយាយថា រដូវប្រាំង បានសម្លាប់សត្វគោជាង ១០០ក្បាល និងសត្វពពែជាង ៣០០ក្បាល ចាប់តាំងពីខែសីហារហូតមក ធ្វើឲ្យសត្វដែលនៅរស់ទន់ខ្សោយលែងអាចផលិតទឹកដោះបានទៀត ។
អ្នកស្រីនិយាយថា ពួកយើងបានបាត់បង់សត្វគោដែលធ្លាប់ផលិតទឹកដោះ សម្រាប់ការប្រើប្រាស់កូនៗរបស់ពួកយើង ។ ពួកយើងពិតជាពឹងផ្អែកលើសត្វចិញ្ចឹមទាំងអស់នេះ សម្រាប់អាហាររបស់ពួកយើង ប៉ុន្តែបច្ចុប្បន្នវាពិតជាពិបាកខ្លាំងណាស់ ដូចដែលអ្នកបានឃើញអញ្ចឹង ។
ប្រទេសកេនយ៉ា បានរងគ្រោះដោយសារគ្រោះរាំងស្ងួតកាលពីមុន រួមទាំងគ្រោះរាំងស្ងួតឆ្នាំ ២០២២ ពេលដែលគ្មានភ្លៀងធ្លាក់ជាប្រវត្តិសាស្រត្ត បានសម្លាប់សត្វចិញ្ចឹមរាប់លានក្បាល និងជំរុញឲ្យគ្រួសារគង្វាលសត្វនៅតំបន់ភាគខាងជើង និងតំបន់ភាគឦសាន ធ្លាក់ក្នុងភាពអត់ឃ្លានធ្ងន់ធ្ងរ ។
ស្របពេលដែលសត្វចិញ្ចឹមទន់ខ្សោយ តម្លៃទីផ្សាររបស់ពួកវាក៏ធ្លាក់ទៅតាមនោះផងដែរ ។ យុវជន Emmanuel Loshipae អាយុ ១៩ឆ្នាំដែលត្រូវជាកូនចុងរបស់អ្នកស្រី Katanga និយាយថា គ្រួសាររបស់គេ ត្រូវបង្ខំចិត្តលក់សត្វមួយចំនួន ដើម្បីទិញចំណីសត្វ ។
យុវជនរូបនេះ និយាយថា សត្វគោមួយក្បាលលក់បានពី ៦ម៉ឺនទៅ ៧ម៉ឺនស៊ីលីងកេនយ៉ា មុនពេលគ្រោះរាំងស្ងួត ប៉ុន្តែឥឡូវលក់បានត្រឹមតែ ៥ពាន់ស៊ីលីងប៉ុណ្ណោះ ៕