រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅថ្ងៃសុក្រ (ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានចោទប្រកាន់អ៊ុយក្រែនថា នៅពីក្រោយការប៉ុនប៉ងធ្វើឃាតឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ីម្នាក់ នៅទីក្រុងមូស្គូ ជាអ្វីដែលលោកបាននិយាយថា ត្រូវបានរៀបចំឡើង ដើម្បីបំផ្លាញកិច្ចចរចាសន្តិភាព។
នៅក្នុងអត្ថាធិប្បាយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក Lavrov បាននិយាយថា វាបានបង្ហាញថា «លោក (Volodymyr) Zelenskyy ព្យាយាមរារាំងដល់ដំណើរការសន្តិភាព» បន្ទាប់ពីមានការចរចា នៅទីក្រុង Abu Dhabi (ប្រទេសអេមីរ៉ាតអារ៉ាប់រួម) នៅដើមសប្តាហ៍នេះ។
គួរបញ្ជាក់ថា អ្នកស៊ើបអង្កេតបានប្រាប់ឲ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីម្នាក់ គឺលោកឧត្តមសេនីយ៍ឯក Vladimir Alexeyev ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់នៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីត្រូវបានបាញ់នៅទីក្រុងមូស្គូ ដែលជាការវាយប្រហារជាបន្តបន្ទាប់ចុងក្រោយបំផុតលើមន្ត្រីយោធាកំពូលៗ។
មិនមានការអត្ថាធិប្បាយពីអ៊ុយក្រែន ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះនោះទេ។ លោក Lavrov មិនបានលើកឡើងពីភស្តុតាងណាមួយឡើយ ដើម្បីគាំទ្រដល់ការចោទប្រកាន់របស់លោក ដែលថា ទីក្រុងគីវនៅពីក្រោយការវាយប្រហារនេះ៕