យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា អំពើហិង្សារបស់អ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល និងការបៀតបៀននៅតំបន់កាន់កាប់វ៉េសប៊ែង បានធ្វើឲ្យជនប៉ាឡេស្ទីជិត ៧០០នាក់ ជម្លៀសខ្លួន ក្នុងខែមករា ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីសង្រ្គាមប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ ២០២៣ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌(OCHA)របស់ UN បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនប៉ាឡេស្ទីនយ៉ាង ៦៩៤នាក់ ត្រូវបានគេបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេកាលពីខែមុន ។
ការិយាល័យនេះ និយាយផងដែរថា កាលពីចុងខែមករា អំពើហិង្សាអ្នកតាំងលំនៅនិគមន៍ បានក្លាយជាកត្តាអូសទាញដ៏សំខាន់នៃការជម្លៀសខ្លួន នៅតំបន់កាន់កាប់វ៉េសប៊ែង ។
ជំនួនមនុស្សជម្លៀសខ្លួនក្នុងខែមករា មានកម្រិតខ្ពស់ដោយសារការជម្លៀសខ្លួនរបស់សហគមន៍ចិញ្ចឹមសត្វនៅតំបន់ជ្រលងភ្នំ Jordan Valley តំបន់ Ras Ein al-Aujaដែលមនុស្ស ១៣០គ្រួសារ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ក្រោយការបៀតបៀនអស់រយៈពេលជាច្រើនខែ ។
សេចក្តីថ្លែងការណ៍បន្តថា ការជម្លៀសខ្លួននេះ រួមទាំងមនុស្ស ៦០០នាក់មកពីសហគមន៍ Ras Ein al-Auja ធ្វើឲ្យវាក្លាយជាការជម្លៀសខ្លួនខ្ពស់បំផុត ក្នុងមួយសហគមន៍ ដោយសារការវាយប្រហាររបស់ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល និងការរឹតត្បិតការចេញ-ចូល ក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ ៕