ក្រុមបាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Milan របស់ប្រទេសអ៊ីតាលី នាថ្ងៃសុក្រ (ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ដើម្បីប្រឆាំងនឹងវត្តមាននៃទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) របស់សហរដ្ឋអាមេរិក និងការបិទសាលារៀន និងផ្លូវនានា នៅក្នុងទីក្រុង មុនពិធីបើកព្រឹត្តិការណ៍កីឡារដូវរងា Milano Cortina Winter Games។
ក្រសួងការបរទេសអាមេរិក បានឲ្យដឹងកាលពីសប្តាហ៍មុនថា ទីភ្នាក់ងារសហព័ន្ធជាច្រើន រួមទាំង ICE ផងដែរ នឹងជួយការពារជនជាតិអាមេរិកដែលទៅទស្សនាព្រឹត្តិការណ៍នេះ ជាការសម្រេចមួយដែលបានបង្កឲ្យមានការតវ៉ាភ្លាមៗ នៅក្នុងទីក្រុង Milan។
នៅថ្ងៃទី 6 ខែកុម្ភៈ អាជ្ញាធរអ៊ីតាលីបានបញ្ជាឲ្យបន្តបិទសាលារៀននៅកណ្តាលទីក្រុង Milan ហើយពួកគេបានបិទផ្លូវចូលទៅកាន់តំបន់មួយចំនួននៃទីក្រុងនេះ ដើម្បីពង្រឹងសន្តិសុខ នៅជុំវិញពិធី និងសម្រាលការរំខានដល់ការធ្វើចរាចរណ៍។
ក្រុមបាតុករ ភាគច្រើនជានិស្សិតដែលមានបដាសរសេរថា «ICE ចេញទៅ» បានប្រមូលផ្តុំគ្នានៅទីលានសាធារណៈ Piazzale Leonardo da Vinci នៅពីមុខអគារសាកលវិទ្យាល័យ Politecnico University នៅភាគខាងកើតនៃទីក្រុងនេះ។ បដាដែលរិះគន់វត្តមានរបស់ ICE អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក J.D. Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ត្រូវបានកាន់នៅខាងមុខនៃក្បួនតវ៉ានេះ។
ពួកគេក៏ប្រឆាំងនឹងការបិទផ្នែកខ្លះនៃទីក្រុង សម្រាប់អ្វីដែលពួកគេមើលឃើញថា ជាព្រឹត្តិការណ៍កីឡាអូឡាំពិកដែលបង្កផលប៉ះពាល់រយៈពេលវែង ខណៈពេលដែលតម្លៃលំនៅឋាន នៅតែមិនអាចលៃលកទិញបាន ហើយទីធ្លាសាធារណៈមានមិនគ្រប់គ្រាន់៕