អនុរដ្ឋមន្រ្តីការបរទេសអ៊ុយបាលោក Carlos Fernández de Cossíoនិយាយប្រាប់ CNNថា គុយបានត្រៀមខ្លួនរួចរាល់សម្រាប់ការកិច្ចសន្ទនាដ៏មានអត្ថន័យណាមួយជាមួយសហរដ្ឋអាមេរិក ប៉ុន្តែខ្លួនពុំចង់ពិភាក្សាពីការផ្លាស់ប្តូររដ្ឋាភិបាលនោះឡើយ នៅក្នុងសេចក្តីអត្ថាធិប្បាយមួយ ដែលបានកើតឡើង ស្របពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បង្កើនសម្ពាធលើប្រទេសកោះមួយនេះ ឲ្យជជែកពីការផ្លាស់ប្តូររបប ។
លោក Carlos និយាយថា ពួកយើងមិនត្រៀមខ្លួនជជែកពីប្រព័ន្ធរដ្ឋធម្មនុញ្ញរបស់ពួកយើងនោះទេ ដូចដែលពួកយើងយល់ឃើញថា សហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនរួចដូចគ្នា សម្រាប់ការជជែកពីប្រព័ន្ធរដ្ឋធម្មនុញ្ញរបស់ពួកគេ ប្រព័ន្ធនយោបាយរបស់ពួកគេ និងការពិតសេដ្ឋកិច្ចរបស់ពួកគេ ។
ខណៈពេលនោះដែរ ប្រធានាធិបតីគុយបាលោកលោក Miguel Diaz-Canel បានទទូចកាលពីថ្ងៃព្រហស្បតិ៍ថា គុយបាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការសន្ទនាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមិនស្ថិតនៅក្រោមសម្ពាធនោះទេ បន្ទាប់ពីការគំរាមកំហែងជាច្រើនខែពីប្រធានាធិបតីអាមេរិក លោក Donald Trump ។
លោក Diaz-Canel បានថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិតាមទូរទស្សន៍ និងវិទ្យុរដ្ឋថា គុយបាមានឆន្ទៈក្នុងការចូលរួមក្នុងការសន្ទនាជាមួយសហរដ្ឋអាមេរិក ដែលជាការសន្ទនាអំពីប្រធានបទណាមួយ...ប៉ុន្តែដោយគ្មានសម្ពាធ ឬបុរេលក្ខខណ្ឌទេ ។ ឮ
លោកបន្តថា ការសន្ទនាណាមួយ ត្រូវតែធ្វើឡើងពីជំហរស្មើភាពគ្នា ដោយគោរពអធិបតេយ្យភាព ឯករាជ្យភាព និងការសម្រេចចិត្តដោយខ្លួនឯងរបស់យើង និងដោយគ្មានការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកយើង។
សូមបញ្ជាក់ថា ប្រទេសគុយបា ដែលស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច បានពឹងផ្អែកលើការផ្គត់ផ្គង់ប្រេងពីប្រទេសវ៉េណេស៊ុយអេឡាជាយូរមកហើយ ដែលមេដឹកនាំរបស់ពួកគេ ត្រូវបានបណ្តេញចេញនៅក្នុងប្រតិបត្តិការយោធាដ៏សាហាវរបស់សហរដ្ឋអាមេរិក កាលពីខែមុន ៕