មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប្រេស៊ីល បានបង្ហើបឲ្យដឹងថា ប្រទេសរបស់ខ្លួនកំពុងពិចារណាជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយផ្នែក រវាងប្លុក Mercosur និងចិន ដែលជាលើកដំបូង ជាអ្វីដែលនឹងក្លាយជាការផ្លាស់ប្តូរដ៏សំខាន់មួយ សម្រាប់សេដ្ឋកិច្ចធំបំផុតរបស់តំបន់អាមេរិកឡាទីន។
ប្រេស៊ីលបានវេតូការចរចាជាផ្លូវការជាមួយទីក្រុងប៉េកាំងជាយូរមកហើយ ដើម្បីការពារក្រុមហ៊ុនផលិតក្នុងស្រុក ពីការកើនឡើងនៃការនាំចូលរបស់ចិន។ ប៉ុន្តែខណៈដែលទីក្រុងប៉េកាំងបានស្វែងរកទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ហើយទីក្រុងវ៉ាស៊ីនតោន បានដំឡើងអត្រាពន្ធជាបន្តបន្ទាប់ រដ្ឋាភិបាលរបស់ប្រធានាធិបតី Luiz Inacio Lula da Silva ឥឡូវនេះ កំពុងពិចារណាឡើងវិញ អំពីគោលជំហរនោះ។
សេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញ ក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយរូហ្គាយ លោក Yamandu Orsi ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី លោក Xi Jinping ក្នុងសប្តាហ៍នេះ បានលើកឡើងថា ពួកគេសង្ឃឹមថា ការចរចាពាណិជ្ជកម្មសេរី រវាងចិន និងប្លុក Mercosur អាចចាប់ផ្តើម «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ប្លុក Mercosur រួមមានប្រេស៊ីល អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ ដោយបូលីវីត្រៀមក្លាយជាសមាជិកពេញសិទ្ធិ។
បើទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្លូវការ និងគ្រប់ជ្រុងជ្រោយមួយ នៅមិនប្រាកដប្រជាក្ដី ក៏មន្ត្រីរដ្ឋាភិបាលប្រេស៊ីល ២រូប បានប្រាប់ថា កិច្ចព្រមព្រៀងដោយផ្នែក រវាង Mercosur និងចិន ឥឡូវនេះត្រូវបានគេមើលឃើញថា ជាលទ្ធផលរយៈពេលវែងអាចទទួលយកបាន ដែលត្រូវបានជំរុញដោយការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក លើទំនិញពីដៃគូពាណិជ្ជកម្មនានា ដែលបានរំខានដល់ពាណិជ្ជកម្មសកល និងបានធ្វើឲ្យសម្ព័ន្ធភាពពាណិជ្ជកម្មប្រែប្រួល។
ពាក់ព័ន្ធនឹងការលើកឡើងនេះ ទាំងក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ចិន មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕