អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំនៅប្រទេសអូម៉ង់នៅថ្ងៃសុក្រនេះ ដែលត្រូវបានគេមើលឃើញថាជាឱកាសដ៏សំខាន់ ក្នុងការបញ្ចៀសផុតការកើនឡើងភាពតានតឹងថ្មីរវាងបច្ចាមិត្តទាំង ២ ក្រោយលោកប្រធានាធិបតី Donald Trump គំរាមវិធានការយោធា ។
ពេលដែលកងទ័ពជើងទឹកដឹកនាំដោយនាវាផ្ទុកយន្តហោះបានចូលដែនទឹកតំបន់មជ្ឈិមបូព៌ានោះ អ៊ីរ៉ង់និយាយយ៉ាងទទួចថា កិច្ចប្រជុំនេះ ផ្តោតសំខាន់តែមួយគត់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បើទោះបីជាសហរដ្ឋអាមេរិក ចង់ពិភាក្សាពីការគាំទ្ររបស់ទីក្រុងតេអេរ៉ង់ សម្រាប់ក្រុមជីវពលក្នុងតំបន់ និងកម្មវិធីមីស៊ីលបាលីស្ទិករបស់ពួកគេក៏ដោយ ។
កិច្ចប្រជុំនេះ គឺជាជំនួបលើកដំបូងរវាងប្រទេសអរិទាំង ២ ចាប់តាំងពីសហរដ្ឋអាមេរិកចូលរួមសង្រ្គាមរបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ កាលពីខែមិថុនា ឆ្នាំមុន ជាមួយនឹងការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់ពួកគេ ។
ជំនួបនេះ បានកើតមានឡើងផងដែរ រយៈពេល ១ខែប៉ុណ្ណោះ ក្រោយអាជ្ញាធរអ៊ីរ៉ង់ ចាត់វិធានការបង្រ្កាបយ៉ាងឃោឃៅលើបាតុកម្ម ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ ។
ប្រេសិតពិសេសប្រចាំតំបន់មជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិកលោក Steve Witkoff អមដំណើរដោយកូនប្រសារប្រុសដ៏មានឥទ្ធិពលរបស់លោក Trump គឺលោក Jared Kushner ហើយនិងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ដឹកនាំគណៈប្រតិភូរបស់ពួកគេនៅជំនួបលើកនេះ ។
សារព័ត៌មានអ៊ីរ៉ង់ បានរៀបរាប់ថា កិច្ចប្រជុំនេះ គឺដោយប្រយោល និងគ្មានការចង្អុរបង្ហាញណាមួយថា ក្រុមមន្រ្តីអ៊ីរ៉ង់ និងក្រុមមន្រ្តីសហរដ្ឋអាមេរិក នឹងជួបគ្នាដោយផ្ទាល់នោះទេ ៕