
អ្នកព្យាករឧតុនិយមអេស្ប៉ាញលោក Francisco Javier Ruiz វ័យ ៤៧ឆ្នាំ នៅថ្ងៃសុក្រនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារភ្លៀងធ្លាក់ខ្លាំងជាប្រវត្តិសាស្រ្ត បង្កឡើងដោយសារព្យុះ Leonardo បោកបក់លើឧបទ្វីបអ៊ីបេរី ក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ ។
លោកនិយាយថា វាពិតជាចម្លែកខ្លាំងណាស់ លោកមិនដែលមើលឃើញភ្លៀងខ្លាំងបែបហ្នឹងពីមុនមកនោះទេ ។
ក្រុមអាជ្ញាធរនៅក្នុងប្រទេសអេស្ប៉ាញ បានជម្លៀសអ្នកស្រុកចេញពីតំបន់ជាច្រើន ដោយសារក្តីបារម្ភៅពីទឹកទន្លេហូរប្រៀបច្រាំង ហើយនិងបានព្រមានពីបំណាក់ដី ក្រោយព្យុះ Leonardo បោកបក់លើឧបទ្វីបអ៊ីបេរី ។
មនុស្សជាង ៧ពាន់នាក់ ត្រូវបានបង្ខំចាកចេញពីផ្ទះសម្បែងរបស់ពួកគេ នៅតំបន់ Andalusia មកទល់នឹងពេលនេះ ស្របពេលព្យុះ Leonardo វាយប្រហារប្រទេសព័រទុយហ្គាល់ និងប្រទេសអេស្ប៉ាញ ជាមួយនឹងភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង កាលពីរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។
ទីភ្នាក់ងារឧតុនិយមរដ្ឋអេស្ប៉ាញ(AEMET)បានព្រមានពីព្យុះមួយទៀត គឺព្យុះ Marta ដែលនឹងវាយប្រហារឧបទ្វីបអ៊ីបេរី នៅថ្ងៃសៅរ៍ស្អែក ដោយនាំមកជាមួយភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ៕