នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមាន៧មករា ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម ផាម មិញជិញ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបីគណបក្ស លើកទី៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកិច្ចប្រជុំលើកទី៣ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ នាពេលកន្លងមក សំដៅការជំរុញនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលស្របទៅនឹងទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង”។
ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត លេីវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិនិងសន្តិសុខ, ថាមពល, អប់រំ និងបណ្តុះបណ្តាល, ទេសចរណ៍, វប្បធម៌ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ រវាងប្រទេសទាំងពីរ។ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាបន្តជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ ២០ពាន់លានដុល្លារ នាពេលខាងមុខ និងជំរុញកិច្ចសហប្រតិបត្តិការបណ្តាខេត្តជាប់ព្រំដែន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដេីម ដេីម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងយុវជនជំនាន់ក្រោយ នៃប្រទេសទាំងពីរ ឱ្យស្វែងយល់ពីគ្នា ក៏ដូចជាសិក្សាអំពីប្រវត្តិសាស្ត្រ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្លាប់ឆ្លងកាត់៕








