មន្ត្រីបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារដាក់គោលដៅលើវិហារអ៊ីស្លាមនិកាយស៊ីអ៊ីតមួយកន្លែងនៅជាយក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ក្នុងអំឡុងពេលបួងសួងកាលពីថ្ងៃសុក្រ ទី ៦ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១ នាក់ និងរបួសយ៉ាងហោចណាស់ ១៦៩នាក់ផ្សេងទៀត ជាការបំផ្ទុះគ្រាប់បែកដ៏កម្រនៅក្នុងរដ្ឋធានីប្រទេសប៉ាគីស្ថាន ខណៈរដ្ឋាភិបាលសម្ព័ន្ធមិត្តលោកខាងលិច កំពុងព្យាយាមទប់ស្កាត់ការកើនឡើងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនៅទូទាំងប្រទេស។
វីដេអូតាមទូរទស្សន៍ និងរូបភាពលើបណ្តាញផ្សព្វផ្សាយសង្គមបានបង្ហាញនគរបាល និងអ្នកស្រុកកំពុងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។ អ្នករងរបួសមួយចំនួននៅក្នុងការវាយប្រហារនៅវិហារអ៊ីស្លាម Khadija Al-Kubra ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ក្រុមអ្នកជួយសង្គ្រោះ និងសាក្សី បានពិពណ៌នាអំពីហេតុការណ៍ដ៏រន្ធត់ ដោយមានសាកសព និងអ្នករងរបួសដេកដួលនៅលើកម្រាលព្រំនៅវិហារអ៊ីស្លាម។ លោក Hussain Shah បាននិយាយថា លោកកំពុងបួងសួងនៅក្នុងទីធ្លាវិហារអ៊ីស្លាម នៅពេលនោះលោកបានឮសំឡេងផ្ទុះយ៉ាងខ្លាំង។
លោកបាននិយាយថា «ខ្ញុំគិតភ្លាមៗថាមានការវាយប្រហារដ៏ខ្លាំងបានកើតឡើង»។ បន្ទាប់មកលោកបានចូលទៅក្នុងវិហារអ៊ីស្លាមនោះក៏ឃើញមានភាពវឹកវរដោយអ្នករងរបួសជាច្រើននាក់កំពុងស្រែកយំ និងស្រែករកជំនួយ។ លោក Shah និយាយថា លោកបានរាប់សាកសពយ៉ាងហោចណាស់៣០នាក់នៅក្នុងវិហារអ៊ីស្លាម ខណៈចំនួនអ្នករងរបួសទំនងជាមានចំនួនខ្ពស់ច្រើន។ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវភ្លាមៗចំពោះការបំផ្ទុះនេះទេ ប៉ុន្តែការសង្ស័យទំនងជាដាក់ទៅលើក្រុមសកម្មប្រយុទ្ធដូចជាក្រុមតាលីបង់ប៉ាគីស្ថាន ឬក្រុមរដ្ឋអ៊ីស្លាម ដែលត្រូវបានដាក់កំហុសចំពោះការវាយប្រហារកាលពីពេលមុនៗទៅលើអ្នកគោរពបូជានិកាយស៊ីអ៊ីត ជាជនជាតិភាគតិចនៅក្នុងប្រទេស។
