អង្គការសុខភាពពិភពលោក(WHO) បាននិយាយថា អ្នកជំងឺម្នាក់នៅក្នុងប្រទេសបង់ក្លាដែសបានស្លាប់បន្ទាប់ពីឆ្លងវីរុស Nipah ហើយស្ថាប័ននេះជឿជាក់ថា ហានិភ័យនៃការរាលដាលជំងឺនេះទៅកាន់អន្តរជាតិនៅតែទាប។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា អ្នកជំងឺម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី២៨ ខែមករា ជាកន្លែងដែលក្រុមមួយបានប្រមូលសំណាកបំពង់ក និងសំណាកឈាម។ ការឆ្លងវីរុសនេះ ត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍នៅថ្ងៃបន្ទាប់។ អង្គការសុខភាពអន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មជ្ឈមណ្ឌលជាតិនៃបទប្បញ្ញត្តិសុខភាពអន្តរជាតិសម្រាប់ប្រទេសបង់ក្លាដែស បានផ្តល់ព័ត៌មានដល់អង្គការសុខភាពពិភពលោកអំពីករណីឆ្លងវីរុស Nipah (NiV) មួយករណីនៅទីក្រុង Rajshahi»។

ការប្រកាសនេះធ្វើឡើងប្រហែលមួយសប្តាហ៍បន្ទាប់ពីករណីចំនួនពីរត្រូវបានបញ្ជាក់នៅក្នុងរដ្ឋ West Bengal នៅភាគខាងកើតប្រទេសឥណ្ឌា ខណៈអាជ្ញាធរកំពុងធ្វើការដើម្បីទប់ស្កាត់វីរុសដ៏កាចសាហាវដែលពួកគេនិយាយថា ភាគច្រើននៅតែស្ថិតក្រោមការគ្រប់គ្រង។
ការផ្ទុះឡើងវីរុស Nipah នៅក្នុងតំបន់ West Bengal របស់ប្រទេសឥណ្ឌា បានបង្កើនការព្រួយបារម្ភនៅក្នុងប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួន ដែលជំរុញឱ្យមានប្រតិបត្តិការពិនិត្យសុខភាពកាន់តែតឹងរ៉ឹងនៅតាមអាកាសយានដ្ឋាន ទោះបីជាអង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនមិនដាក់ចាញឲ្យមានការរឹតបន្តឹងការធ្វើដំណើរ ឬពាណិជ្ជកម្មណាមួយដោយផ្អែកលើព័ត៌មានបច្ចុប្បន្នក៏ដោយ។ ការវាយតម្លៃនិយាយថា «អង្គការសុខភាពពិភពលោកបានវាយតម្លៃហានិភ័យសុខភាពសាធារណៈទូទៅបង្កឡើងដោយវីរុស NiV ថា នៅមានកម្រិតទាបទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក»។ អង្គការនេះបាននិយាយថា «ហានិភ័យនៃការរីករាលដាលជំងឺជាអន្តរជាតិ ត្រូវបានចាត់ទុកថានៅទាប»។
