ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកអាចដាក់ពន្ធបន្ថែមលើប្រទេសនានាដែលបន្តធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់ នៅក្នុងក្រឹត្យមួយដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ។ ក្រឹត្យនេះពុំបានបញ្ជាក់ច្បាស់ពីអត្រាដែលអាចដាក់នោះទេ ប៉ុន្តែប្រើ ២៥% ជាគំរូ និងបាននិយាយថាវានឹងអនុវត្តចំពោះមុខទំនិញដែលនាំចូលទៅក្នុងសហរដ្ឋអាមេរិកពីប្រទេសណាមួយដែល «ទិញ នាំចូល ឬទទួលបានទំនិញ ឬសេវាណាមួយដោយផ្ទាល់ឬដោយប្រយោលពីប្រទេសអ៊ីរ៉ង់»។

លោក Trump ពុំបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើក្រឹត្យនេះទេ ប៉ុន្តែបានបញ្ជាក់ជាថ្មីឡើងវិញថា «គ្មានអាវុធនុយក្លេអ៊ែរ» សម្រាប់អ៊ីរ៉ង់ទេ នៅពេលលោកថ្លែងសុន្ទរកថាពីយន្តហោះ Air Force One កាលពីយប់ថ្ងៃសុក្រ។ វាកើតឡើងក្នុងពេលការចរចាដែលធ្វើឡើងរវាងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងប្រទេសអូម៉ង់។
លោក Trump បានគំរាមដំឡើងពន្ធ២៥% លើប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់កាលពីដើមឆ្នាំនេះ នៅក្នុងសារមួយបង្ហោះនៅលើបណ្តាញ Truth Social។
នៅថ្ងៃទី១២ ខែមករា លោកបានសរសេរថា «ចូលជាធរមានភ្លាមៗ ប្រសិនបើប្រទេសណាមួយធ្វើពាណិជ្ជកម្មជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងបង់ការដំឡើងពន្ធ២៥% លើពាណិជ្ជកម្មណាមួយ និងទាំងអស់ដែលកំពុងធ្វើជាមួយសហរដ្ឋអាមេរិក»។ នៅពេលនោះ ពុំមានព័ត៌មានលម្អិតបន្ថែមត្រូវបានផ្តល់អំពីរបៀបដែលការដំឡើងពន្ធនឹងដំណើរការក្នុងការអនុវត្តនោះទេ។
