ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្កឱ្យមានកំហឹងម្តងទៀតចំពោះការបង្ហោះតាមបណ្តាញអ៊ីនធឺណិតរបស់លោកនៅលើកនេះសម្រាប់ការចែករំលែកវីដេអូដែលប្រៀបធៀបអតីតប្រធានាធិបតី លោក Barack Obama និងភរិយារបស់លោក លោកស្រី Michelle Obama ជាស្វាឪ។

វីដេអូឃ្លីបដែលបានបង្ហោះឡើងវិញនេះ ធ្វើឡើងជាផ្នែកមួយនៃសារជាច្រើននៅពេលយប់នៅលើគណនី Truth Social របស់លោក Trump។ នៅពាក់កណ្តាលយប់ថ្ងៃសុក្រ វីដេអូនេះត្រូវបានដកចេញវិញ ប៉ុន្តែក្រោយមកមានការថ្កោលទោសយ៉ាងខ្លាំងពីគណបក្សទាំងពីរ ដោយរិះគន់ការបង្ហោះនេះថា ជាការរើសអើងជាតិសាសន៍យ៉ាងច្បាស់។
នៅក្នុងការបង្ហោះនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X លោក Tim Scott ជាសមាជិកគណបក្សសាធារណរដ្ឋជនជាតិស្បែកខ្មៅ ដែលកំពុងបម្រើការនៅក្នុងព្រឹទ្ធសភា បាននិយាយថា លោកកំពុង «បួងសួង» ថា វីដេអូនេះ «ក្លែងក្លាយ ព្រោះវាជាការរើសអើងជាតិសាសន៍បំផុតដែលខ្ញុំមិនដែលបានជួបប្រទះចេញពីសេតវិមាន»។ លោកបាននិយាយបន្ថែមថា «លោកប្រធានាធិបតីគួរតែលុបវាចេញ»។ សមាជិកសភាគណបក្សសាធារណរដ្ឋម្នាក់ទៀត លោក Mike Lawler ក៏បានអំពាវនាវឱ្យលោក Trump លុបការបង្ហោះនេះចេញ ដោយចាត់ទុកវាថាជា «ការប្រមាថមិនគួរឱ្យជឿ មិនថាចេតនា ឬជាកំហុសនោះទេ»។
