ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ីស្រាអែល បានបង្កើនលុកលុយដោយថ្មើរជើងចូលទៅក្នុងភាគខាងត្បូងស៊ីរី ចាប់តាំងពីដើមខែកុម្ភៈមក ដោយធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល និងតំបន់កសិកម្ម នៅក្នុងខេត្ត Quneitra និង Daraa។
យោងតាមក្រុមឃ្លាំមើលនេះ បានឲ្យដឹងថា ការឈ្លានពានរបស់អ៊ីស្រាអែលយ៉ាងហោចណាស់ចំនួន ៨លើក ត្រូវបានកត់ត្រា នៅចន្លោះថ្ងៃទី ០១ ខែកុម្ភៈ និងថ្ងៃទី ០៥ ខែកុម្ភៈ ដែលពាក់ព័ន្ធនឹងរថពាសដែក រថក្រោះ និងប៉ុស្តិ៍ត្រួតពិនិត្យយោធាបណ្តោះអាសន្ន ដែលត្រូវបានបង្កើតឡើងនៅក្នុងទឹកដីស៊ីរី។

ប្រតិបត្តិការទាំងនោះ ត្រូវបានគេរាយការណ៍ថា រួមមានការឆែកឆេរផ្ទះជនស៊ីវិល ការឃាត់ខ្លួនរយៈពេលខ្លី ការរុះរើដីស្រែចម្ការ និងការរឹតបន្តឹងការធ្វើដំណើរនៅក្នុងស្រុក ជាពិសេសប៉ះពាល់ដល់កសិករ អ្នកគង្វាលចៀម និងអ្នកស្រុកនៅជិតតំបន់ទ្រនាប់។
ក្រុមឃ្លាំមើលបាននិយាយថា ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង នៅថ្ងៃទី ០៥ ខែកុម្ភៈ ជាមួយនឹងក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ ត្រូវបានឃុំខ្លួននៅក្នុងភូមិ Ruwaihina ដែលជោគវាសនារបស់ក្មេងជំទង់នេះ នៅតែមិនច្បាស់លាស់ នៅពេលរាយការណ៍។
ក្រុមនេះបានបន្ថែមថា ការឈ្លានពានទាំងនេះ គឺជាការរំលោភលើអធិបតេយ្យភាពស៊ីរីជាបន្តបន្ទាប់ ដែលបានបង្កើនភាពតានតឹង និងរំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នកស្រុក នៅភាគខាងត្បូងស៊ីរី៕
