លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បាននិយាយកាលពីថ្ងៃសុក្រថា គណៈកម្មការអឺរ៉ុបបានស្នើកញ្ចប់ទណ្ឌកម្មលើកទី២០ប្រឆាំងនឹងរុស្ស៊ី ដោយដាក់គោលដៅលើវិស័យសំខាន់ៗ រួមមានថាមពល សេវាហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយគណៈកម្មការបានឲ្យដឹងថា វិធានការទាំងនេះមានបំណងបង្កើនសម្ពាធលើរុស្ស៊ី បន្ទាប់ពីកិច្ចចរចាត្រីភាគីជុំទីពីរស្តីពីអ៊ុយក្រែន ដែលបានធ្វើឡើងនៅទីក្រុងអាប៊ូ ដាប៊ី កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន។ កិច្ចចរចា បានបរាជ័យក្នុងការសម្រេចបាននូវការទម្លាយភាពទាល់ច្រកសំខាន់ៗលើបញ្ហាស្នូលជាច្រើន ក្រៅពីការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំរវាងរុស្ស៊ី និងអ៊ុយក្រែន។

នៅក្នុងវិស័យថាមពល សហភាពអឺរ៉ុបមានផែនការដាក់ចេញបម្រាមសេវាដែនសមុទ្រពេញលេញលើប្រេងឆៅរបស់រុស្ស៊ី ជាចំណាត់ការមួយដែលរំពឹងថានឹងកាត់បន្ថយប្រាក់ចំណូលពីថាមពលរបស់រុស្ស៊ីបន្ថែមទៀត។ សេចក្តីថ្លែងការណ៍ និយាយថា បម្រាមនេះនឹងត្រូវបានអនុវត្តក្នុងការសម្របសម្រួលជាមួយដៃគូប្រទេស G7។
ប្លុកនេះក៏មានផែនការដាក់បន្ថែមនាវាចំនួន៤៣គ្រឿងដែលជាប់ទាក់ទងនឹងអ្វីដែលគេហៅថា «ក្បួននាវាស្រមោល» របស់រុស្ស៊ីទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ដែលនាំឱ្យចំនួនសរុបឡើងដល់ ៦៤០ គ្រឿង។
សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា វិធានការបន្ថែមនឹងរឹតត្បិតសមត្ថភាពរបស់រុស្ស៊ីក្នុងការទទួលបាននាវាដឹកប្រេងសម្រាប់ក្បួននាវា និងដាក់បម្រាមលើការថែទាំនិងសេវាផ្សេងៗទៀតសម្រាប់នាវាដឹកប្រេង LNG និងនាវាបំបែកទឹកកក ដែលធ្វើឱ្យប៉ះពាល់ដល់គម្រោងនាំចេញឧស្ម័នរបស់រុស្ស៊ីបន្ថែមទៀត។
